(ភ្នំពេញ)៖ នៅក្នុងជីវិតនយោបាយរបស់លោក សម រង្ស៊ី អាចនិយាយបានថា ជាមនុស្សបរាជ័យមិនដែលស្គាល់ពាក្យថា ឈ្នះម្ដងណាឡើយ ហើយក៏ជាមនុស្សដែលចូលចិត្តរុញឱ្យអ្នកដទៃទៅរងគ្រោះជំនួសខ្លួន បន្ទាប់មកលោក សម រង្ស៊ី ក៏មិនបណ្ដោយខ្លួនឱ្យរងគ្រោះ ឬធ្លាក់ខ្លួនចូលទៅក្នុងបញ្ហាដែរ គឺលោកតែងតែភៀសខ្លួនចេញទៅក្រៅស្រុក ឬស្រុកកំណើតទីពីររបស់លោក។ អ្វីទាំងអស់នេះត្រូវបានលោកបណ្ឌិត កែម ឡី កាលនៅមានជីវិតធ្លាប់បានចំអកឱ្យលោក សម រង្ស៊ី ថាជាអ្នកនយោបាយជើងមិនដល់ដី ឬជាអ្នកនយោបាយអង្ករកំប៉ុង។ មិនត្រឹមតែប៉ុណ្ណោះទេ សាធារណមតិ ក៏បានចាត់ទុកលោក សម រង្ស៊ី ថាជាអ្នកនយោបាយបានតែមាត់ និងកំសាកញីម្នាក់ផងដែរ។
យ៉ាងណាក៏ដោយ នៅពេលថ្មីៗនេះ លើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក សម រង្ស៊ី បានបង្ហោះសារមួយដែលមានចរិតបំភ្លើស បំពុល លាបពណ៌ និងចោទប្រកាន់ទាំងស្រុងចំពោះបរិបទក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ជាពិសេសមកលើរាជរដ្ឋាភិបាលដែលដឹកនាំដោយនាយករដ្ឋមន្ដ្រី ហ៊ុន សែន តាមរយៈសារដែលបញ្ជាក់អំពី គោលដៅ ៥ចំណុចរបស់គណបក្សសង្រ្គោះជាតិ ប៉ុន្ដែយើងនឹងលើកយកមកធ្វើការគូសបញ្ជាក់ និងពិចារណាលើចំណុច ៣ក្នុងចំណោម ៥ ដូចខាងក្រោម៖
នៅក្នុងគោលដៅ៥ចំណុចនេះ មានឃ្លាមួយបានសរសេរថា «ប្រគល់សងប្រទេសកម្ពុជា ជូនមកប្រជារាស្ត្រខ្មែរវិញ ដែលជាម្ចាស់ទឹកម្ចាស់ដី តែមួយគត់»។ សូមបញ្ជាក់ចំពោះឃ្លានេះថា បច្ចុប្បន្ននេះប្រពលរដ្ឋខ្មែរ គឺជាម្ចាស់ទឹកម្ចាស់តែមួយគត់លើប្រទេសកម្ពុជា ហើយប្រជាពលរដ្ឋខ្មែរម្នាក់ៗ មានជីវិតឯកជនដែលមិនមាននរណាម្នាក់រំលោភបំពានបានឡើយ (សិទ្ធិស្មើភាពគ្នា) ប្រជាពលរដ្ឋខ្មែរម្នាក់ៗមានសិទ្ធិកម្មសិទ្ធិ និងសិទ្ធិឯកជនក្នុងការគ្រប់គ្រង កាន់កាប់ និងចាត់ចែងនូវទ្រព្យសម្បត្តិ (ចលនវត្ថុ និងអចលនវត្ថុ) របស់ខ្លួន ដែលត្រូវបានធានាដោយច្បាប់ និងរដ្ឋធម្មនុញ្ញ។
ប្រទេសកម្ពុជា គឺជារដ្ឋដែលឯករាជ្យ អធិបតេយ្យ អព្យាក្រឹត និងមិនចូលបក្សសម្ព័ន្ធ (មាត្រា១កថាខណ្ឌទី២ នៃរដ្ឋធម្មនុញ្ញ) ហើយក៏ត្រូវបានពិភពលោកទទួលស្គាល់កម្ពុជាថា ជារដ្ឋអធិបតេយ្យមួយផងដែរ។ លើសពីនេះទៅទៀត ប្រទេសកម្ពុជាក៏ជាសមាជិកនៃអង្គការសហប្រជាជាតិ ហើយដើម្បីចូលជាសមាជិកនៃអង្គការអន្ដរជាតិមួយនេះបាន លុះត្រាតែកម្ពុជាជារដ្ឋមួយពិតប្រាកដ (មាត្រា ៤ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ)។
ឃ្លាមួយទៀតក្នុងគោលដៅ៥ ចំណុចនេះផងដែរ ទណ្ឌិត សម រង្ស៊ី បានសរសេរថា «ប្រគល់សងសិទ្ធិសម្រេចទាំងឡាយក្នុងការអភិវឌ្ឍប្រទេស ជូនមកប្រជាពលរដ្ឋវិញ មានន័យថា បញ្ឈប់ការអភិវឌ្ឍក្លែងក្លាយដូចសព្វថ្ងៃ.....»។ សំណួរចោទសួរទៅលើលោក សម រង្ស៊ី ថាតើសព្វថ្ងៃនេះលោក សម រង្ស៊ី ពិតជាពិការភ្នែកមែនដែរឬទេ? តើកម្ពុជាបច្ចុប្បន្នក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តី ពិតជាអភិវឌ្ឍក្លែងក្លាយដូចការសរសេរនេះដែរឬទេ? ជាការពិតណាស់កម្ពុជាធ្លាប់បានរងគ្រោះដោយសារភ្លើងសង្រ្គាម ពេលនោះហេដ្ឋារចនាសម្ព័ន្ធទាំងឡាយដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។ ក៏ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងដែរ ក៏ប៉ុន្ដែក្រោយការរំដោះប្រទេស និងការកសាងប្រទេសឡើងវិញ កម្ពុជាបានរីកលូតលាស់គួរឱ្យកត់សម្គាល់ជាថ្មី ក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយការអភិវឌ្ឍ និងការកសាងសមិទ្ធផលនានាចេះតែបន្ដកើតមានជាហូរផងដែរ។ តើការដែលធ្វើឱ្យប្រទេសជាតិ និងប្រជាពលរដ្ឋមានភាពសុខដុមរមនា សុខសប្បាយ គ្មានសង្រ្គាម មានតែការអភិវឌ្ឍដូច្នេះ តើវាពិតជាការអភិវឌ្ឍក្លែងក្លាយមែនឬទេ? ហើយតើសេដ្ឋកិច្ចកម្ពុជាដែលទទួលបានក្នុងរង្វង់ ៧ភាគរយប្រចាំឆ្នាំ តើនេះស្ដែងចេញថា វាក្លែងក្លាយមែនដែរឬទេ?។
សូមរម្លឹកផងដែរថា សមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិកលោក Duog Ericksen ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ ក៏បានវាយតម្លៃ និងទទួលស្គាល់ថា ការរីកចម្រើននៅកម្ពុជាមានភាពល្អប្រសើរស្ទើរគ្រប់វិស័យ។ ដូច្នេះក្នុងនាមលោក សម រង្ស៊ី ជាពលរដ្ឋខ្មែរម្នាក់ តើលោកធ្វើត្រូវដែរឬទេ នៅពេលដែលលោកបានស្នើសុំឱ្យអឺរ៉ុបបិទទីផ្សារសម្លៀកបំពាក់ពីកម្ពុជា នៅលើទឹកដីនៃសហគមន៍អឺរ៉ុបបែបនេះ ហើយតើនេះឬដែលគេហៅថា ជាការអភិវឌ្ឍពិតប្រាកដរបស់លោក សម រង្ស៊ី នោះ? ជាក់ស្ដែងប្រជាពលរដ្ឋកម្ពុជាជាង ១៥លាននាក់ សុទ្ធតែទទួលបានផលពីការអភិវឌ្ឍយ៉ាងពិតប្រាកដ។ ឃ្លាមួយដែលគួរឱ្យអស់ សំណើច ហើយកោតណាស់ដែលលោក សម រង្ស៊ី ហ៊ានសរសេរដាក់ក្នុងគោលដៅ៥ ចំណុច ដើម្បីចោទប្រកាន់មកលើរដ្ឋាភិបាលកម្ពុជាគឺ «ប្រគល់សងវាសនា ប្រទេសកម្ពុជា ជូនមកប្រជារាស្ត្រខ្មែរវិញ ដែលជាអ្នកសម្រេចអនាគតរបស់ខ្លួន និងអនាគតស្រុកយើង ក្នុងឯករាជ្យភាពដ៏ពេញលេញ» ។
ត្រង់នេះសូមបញ្ជាក់ថា ជាការពិតណាស់ ប្រជាពលរដ្ឋខ្មែរ គឺជាអ្នកសម្រេចជោគវាសនាលើប្រទេសកម្ពុជាទាំងមូលតាមរយៈការប្រើប្រាស់សិទ្ធិរបស់ខ្លួន ក្នុងការបោះឆ្នោតជ្រើសរើសនូវគណបក្សនយោបាយណាមួយដែលខ្លួនពេញចិត្ត ជារៀងរាល់ ៥ឆ្នាំម្ដង ដើម្បីដឹកនាំនាវាកម្ពុជា (មាត្រា ៣៤ថ្មី នៃរដ្ឋធម្មនុញ្ញ)។ ច្បាស់ណាស់ថា កាលណាគេនិយាយអំពីរបបរាជានិយម គឺគេចង់សំដៅដល់ប្រទេសនោះ ជាប្រទេសដែលមានក្សត្រគ្រងរាជសម្បត្តិ ហើយកម្ពុជាបច្ចុប្បន្នក៏បាន និងកំពុងអនុវត្តនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានព្រះបាទនរោត្តម សីហមុនី កំពុងគ្រងរាជសម្បត្តិផងដែរ។
សរុបមកវិញ ចេតនារបស់លោក សម រង្ស៊ី ដែលលើកគោលដៅ ៥ចំណុច នៅពេលវេលាដែលមិនសមស្រប និងខុសទាំងស្រុងពីតថភាពពិតក្នុងសង្គមកម្ពុជា ត្រូវបានគេមើលឃើញថា អាចដោយសារតែគាត់ដឹងថា ជីវិតនយោបាយរបស់គាត់នឹងត្រូវចប់ ហើយក៏មិនអាចចូលស្រុកបានថែមទៀតផង ដូច្នេះគ្មានអ្វីដែលលោក សម រង្ស៊ី ចង់ឱ្យប្រទេសកម្ពុជារស់នៅបានសុខសាន្ដនោះទេ គឺត្រូវតែប្រើគ្រប់ល្បិចកលទាំងអស់ដើម្បីបំផ្លាញជាតិខ្មែរ។ ប៉ុន្ដែបើទោះបីជាលោក សម រង្ស៊ី ព្យាយាមក្នុងការលាបពណ៌ មួលបង្កាច់នូវបរិបទក្នុងសង្គមកម្ពុជាបច្ចុប្បន្នយ៉ាងណាក៏ដោយ ក៏គេបានសម្លឹងមើលឃើញថា ចេតនាអាក្រក់របស់លោក សម រង្ស៊ី ត្រូវបានគេស្គាល់ក្រយ៉ៅគាត់ច្បាស់ណាស់ និងគេបានប្រសិទ្ធនាមថា «មនុស្សកំហូច ជំនាញបំភ្លៃ គឺលោក សម រង្ស៊ី»។ ដូច្នេះទង្វើអាក្រក់របស់លោក សម រង្ស៊ី តាមរយៈការដាក់ចេញនូវគោលដៅ ៥ចំណុចនោះ គឺគ្មានផ្លូវអាចដណ្ដើមទឹកចិត្តប្រជាពលរដ្ឋបានឡើយ ព្រោះប្រជាពលរដ្ឋខ្មែរជាង១៥លាននាក់ ដែលកំពុងរស់នៅក្នុងទឹកដីកម្ពុជា បានស្គាល់ពីសង្គមខ្មែរដែលផ្ទុយពីការលើកឡើងរបស់លោក សម រង្ស៊ី។ ដូច្នេះគោលដៅ ៥ចំណុចរបស់លោក សម រង្ស៊ី ដែលបានប្រឌិតឡើងនោះ ក្រៅពីចេតនាបំភ័ន្ដសាធារណមតិ គឺវាប្រៀបដូចជាខ្សែសម្រាប់ចងកខ្លួនឯងតែប៉ុណ្ណោះ៕
ដោយ៖ សុខ វឌ្ឍនា