(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មី នឹងបន្តគម្រោងវិនិយោគ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ រួមមានទាំងអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែទឹកជ្រៅ និងផ្លូវ ដើម្បីពង្រីកសរសៃឈាមសេដ្ឋកិច្ច។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ដល់បាត់ដំបង និងបើកការដ្ឋានសង់ពីសិរីសោភ័ណ ទៅប៉ោយប៉ែត នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

បើតាមប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រី ការកសាងហេដ្ឋារចនាសម្ព័ន្ធមានសារៈសំខាន់ណាស់ ហើយនៅតែជានយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ សម្តេចធិបតី បានថ្លែងទៀតថា ផ្លូវជាតិលេខ៥ ជាសរសៃឈាមដ៏សំខាន់សម្រាប់កម្ពុជាផងដែរ។

សម្តេចធិបតី ហ៊ុន​ ម៉ាណែត មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ថ្មីៗ យើងបានសម្ពោធព្រលានយន្តហោះសៀមរាប-អង្គរ ឆ្នាំ២០២៥ ពង្រីកព្រលានយន្តហោះភ្នំពេញ ហើយខេត្តព្រះសីហនុ យើងកំពុងតែពិនិត្យមើលការប្រើប្រាស់ ឬមួយក៏ពង្រីកព្រលានយន្តហោះយើង ដែលមានស្រាប់ នេះយើងនិយាយគម្រោងធំៗ ក្រៅពីហ្នឹងយើងមានព្រលានយន្តហោះ ដូចនៅមណ្ឌលគិរី ជាគម្រោងតូចៗ ដើម្បីធ្វើយ៉ាងណាឲ្យមានការភ្ជាប់ទំនាក់ទំនងស្រួល អញ្ចឹងរាជរដ្ឋាភិបាល អាណត្តិទី៧ នឹងបន្តជំរុញនូវគម្រោងវិនិយោគធំៗ ទាំងរូបភាព BOT និងប្រើប្រាស់ឥណទានវិនិយោគរបស់វិស័យឯកជន ទាំងឥណទានមួយចំនួន ដើម្បីយកមកពង្រីកហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់សរសៃឈាមរបស់យើង ឲ្យសរសៃឈាមនេះកាន់តែរីកធំធាត់ ដើម្បីចិញ្ចឹមប្រជាពលរដ្ឋយើង ទូទាំងប្រទេសតែម្តង»

សម្តេចធិបតី ក៏បានបន្តថា រាជរដ្ឋាភិបាលមិនបានដេកអេះពោះ ហើយដើរខ្ចីតែលុយគេនោះទេ ដោយរាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ច្រើន និងសម្ពោធសមិទ្ធផលជាច្រើនផងដែរ។ សម្តេចបន្ថែមថា តម្រូវការថវិកាជាតិមានច្រើន ដូច្នេះហើយតម្រូវឱ្យមានកម្ចីពីបរទេសដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ខណៈកម្ចីប្រាក់ពីបរទេស ត្រូវបានគ្រប់គ្រង និងផែនការច្បាស់លាស់ ជាពិសេសកម្ចី យកមកអភិវឌ្ឍន៍បម្រើប្រយោជន៍សាធារណៈ ពង្រីកសក្តានុពលសេដ្ឋកិច្ច និងផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋ៕