(ភ្នំពេញ)៖ តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ធំរបស់ប្រទេសអូស្ត្រាលី គឺកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) កំពុងធ្វើការជាដៃគូជាមួយក្រុមអ្នកស្រាវជ្រាវកម្ពុជាសំខាន់ៗ មកពីវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដើម្បីជាការឆ្លើយតបទៅនឹងសំនួរថា តើការរីកលូតលាស់សេដ្ឋកិច្ចកម្ពុជា អាចកើតមានឡើងប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាពបានដោយរបៀបណា? តើមានឧបសគ្គ និងកាលានុវត្តភាពអ្វីខ្លះ នាពេលខាងមុខ ខណៈដែលកម្ពុជាចង់ក្លាយ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់?។
គំនិតផ្តួចផ្តើមរួមលើការសិក្សាស្រាវជ្រាវស្តីអំពី «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០៖ ការវាយតម្លៃលើគោលដៅកម្ពុជា ក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ សម្រាប់ការរីកចម្រើនប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព» ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដោយឆ្លើយតបនឹងសំណើរបស់រាជរដ្ឋាភិបាលកម្ពុជាទៅកាន់វិទ្យាស្ថាន CDRI ក្នុងអំឡុងសន្និសីទចក្ខុវិស័យប្រចាំឆ្នាំរបស់កម្ពុជា កាលពីខែតុលា ឆ្នាំ២០២២។
ការសិក្សាស្រាវជ្រាវនេះ កំពុងវាយតម្លៃទៅលើសក្តានុពលកំណើនរយៈពេលវែងរបស់កម្ពុជា និងកំណត់គោលនយោបាយនានាដ៏ល្អប្រសើរ ដើម្បីជួយប្រទេសកម្ពុជា ឱ្យសម្រេចបាននូវភាពរីកចម្រើនប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព។
វិទ្យាស្ថាន CDRI បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធមកពីខាងរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ សមាគមធុរកិច្ច វិទ្យាស្ថានស្រាវជ្រាវ និងសង្គមស៊ីវិល។ ក្រៅពីការប្រមូលទិន្នន័យ និងការវិភាគ CDRI ក៏កំពុងពិនិត្យឡើងវិញ ទៅលើគោលនយោបាយ ស៊ីជម្រៅ និងពិចារណាលើផលប៉ះពាល់សង្គម ដូចជា ការចូលរួមពីផ្នែកយេនឌ័រ និងផលប៉ះពាល់លើអាកាសធាតុដែលជះឥទ្ធិពលដល់ការរីកលូតលាស់នេះ។
លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជា បានមានប្រសាសន៍ថា «ប្រទេសកម្ពុជាបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីវិបត្តិសកលដែលកើតឡើងនាពេលថ្មីៗនេះ រួមមាន ជំងឺរាតត្បាតកូវីដ-១៩ និងសង្គ្រាមនៅអ៊ុយក្រែន។ ការស្រាវជ្រាវនេះ មានសារៈសំខាន់ក្នុងការបង្ហាញពីរបៀបដែលកម្ពុជា អាចត្រលប់មកស្ថានភាពបច្ចុប្បន្នវិញ និងការជំនះរាល់ឧបសគ្គដើម្បីសម្រេចបាននូវគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០»។
លោកស្រីបណ្ឌិត អេង នេត្រា នាយិការប្រតិបត្តិ នៃវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា ប្រទេសកម្ពុជាកំពុងឈរនៅចំនុចសំខាន់មួយក្នុងការធ្វើបរិវត្តកម្ម នៃការអភិវឌ្ឍរយៈពេលវែងរបស់ខ្លួន។ នៅពេលដែលយើងឆ្លងកាត់នូវភាពស្មុគស្មាញនៃពិភពលោកក្រោយជំងឺរាតត្បាត វិទ្យាស្ថាន CDRI នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំដំណើរការសកម្មភាពសិក្សាស្រាវជ្រាវ និងវិភាគតាមលក្ខណៈវិទ្យាសាស្រ្ត និងស៊ីជម្រៅ ដើម្បីរួមចំណែកដល់ការកសាងគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រទេសអោយមានចីរភាព ។
លោកស្រីបណ្ឌិត អេង នេត្រា បានបន្ថែមថា «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០ បង្កប់នូវមហិច្ឆតាដ៏ជ្រាលជ្រៅ និងចក្ខុវិស័យនៃអនាគតដ៏រុងរឿង។ តាមរយៈការសិក្សាស្រាវជ្រាវ យើងខិតខំផ្តល់នូវការវិភាគប្រកបដោយភាពឯករាជ្យ ស៊ីជម្រៅ គុណភាពខ្ពស់ និងមានឥទ្ធិពល ដើម្បីតម្រង់ផ្លូវប្រទេសកម្ពុជាឆ្ពោះទៅរកគោលដៅរបស់ខ្លួន ស្របពេលមានការផ្លាស់ប្តូរទិដ្ឋភាព ក្នុងតំបន់ និងពិភពលោក»។
ការរកឃើញជាបឋមនៃការសិក្សាស្រាវជ្រាវនេះ នឹងលើកយកមកពិភាក្សាក្នុងសន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជានាពេលខាងមុខនេះ នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខណៈដែលរបាយការណ៍ស្រាវជ្រាវចុងក្រោយនឹងត្រូវបានផ្សព្វផ្សាយ នៅក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០២៤៕