(កំពង់ធំ)៖ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ជូនប្រជាពលរដ្ឋ ក៏ដូចជាចូលរួមទប់ស្កាត់ រាល់មុខទំនិញ និងម្ហូបអាហារ ដែលដាក់លក់ ខូចគុណភាព និងហួសកាលបរិច្ឆេទ នៅលើទីផ្សារ មន្រ្តីកាំកុងត្រូល សាខាខេត្តកំពង់ធំ ដឹកនាំដោយលោក លោក លៀង សុភា ប្រធានសាខា កាំកុងត្រូលខេត្តកំពង់ធំ សហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាននៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ បានចុះត្រួតពិនិត្យទំនិញនៅផ្សារសណ្តាន់ ស្ថិតនៅភូមិបាជ័យ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

លោក លៀង សុភា បានបញ្ជាក់ថា គោលបំណង នៃការចុះត្រួតពិនិត្យនេះ មន្រ្ដីជំនាញបានយកចិត្តទុកដាក់ ទៅលើ ផលិតផល ទំនិញម្ហូបអាហារ ភេសជ្ជៈគ្រឿងឧបភាគបរិភោគ បន្លែ ផ្លែឈើ ដែលអាជីវករ កំពុងដាក់តាំងលក់ នៅតាមតូប ដើម្បីទទួលបាននូវ ម្ហូបអាហារ ប្រកបដោយសុវត្ថិភាព និងមិនប៉ះពាល់ដល់សុខភាព។

លោកបានអះអាងថា តាមរយៈការចុះត្រួតពិនិត្យ នៅទីផ្សារសណ្តាន់នេះកម្លាំងចម្រុះរបស់លោក ពុំបានរកឃើញទំនិញខូចគុណភាព ជាគ្រឿងកំប៉ុង ឬផលិតផលម្ដូបអាហារនោះឡើយ។ ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានបិទផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការដាក់ លាយសារធាតុគីមី ហាម ឃាត់ចូលក្នុងម្ហូបអាហារ នៅតាមតាមតូបលក់ដូរ និងតាមផ្ទះប្រជាពលរដ្ឋ ដែលពួកគាត់អនុញ្ញាតឲ្យបិទ។

ជាមួយគ្នានោះ លោក លៀង សុភា បានឱ្យដឹងថា ការចុះ ពិនិត្យនេះ គឺមន្រ្តីជំនាញបានធ្វើការចុះត្រួតពិនិត្យជាប្រចាំ ទៅតាមការណែនាំពី អគ្គនាយកកាំកុងត្រូល ដើម្បីទប់ស្កាត់ ឱ្យបានទាន់ពេលវេលា នូវការធ្វើចរាចរចែកចាយ លក់ដូរផលិតផល ម្ហូបអាហារ គ្មានអនាម័យ ទំនិញខូចគុណភាព និងគ្មានប្រភពច្បាស់លាស់។ លោកក៏បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរ ទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ឱ្យបានហ្មត់ចត់ មុននឹងធ្វើចរាចរ ចែកចាយ លក់ ដូរ និងទិញទំនិញ ម្ហូបអាហារ ទទួលទាន ដោយសុវត្ថិភាព មិនប៉ះពាល់សុខភាព អ្នកប្រើប្រាស់ ៕