(ក្រចេះ)៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារមន្ទីររ៉ែ​ និងថាមពលខេត្តក្រចេះ សហការជាមួយអាជ្ញាធរមូលដ្ឋានរួមមានមេភូមិ និងនាយនគរបាលប៉ុស្តិ៍ បានចុះទៅពិនិត្យទីតាំងដែលកំពុងធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ស្ថិតនៅតំបន់ព្រៃឡង់ ភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

យោងតាមរបាយការណ៍របស់មន្រ្តីរ៉ែ និងថាមពលខេត្តក្រចេះ បានបញ្ជាក់ថា ជាលទ្ធផលក្រុមការងារបានទៅដល់​ទីតាំង​ចំនួន៥កន្លែង រួមមាន៖
-​ចំណុចអូរបែកចាន
-​ចំណុចអូរតាកែវ
-​ចំណុចអូរយាវ
-​ចំណុចអូរឃ្មង
-​ចំណុចអូរឈើទាលឃ្មុំ។

ក្រុមការងារ បានធ្វើកំណត់ហេតុណែនាំ ទប់ស្កាត់ និងបញ្ឈប់រាល់សកម្មភាពធ្វើរ៉ែមាសអនាធិបតេយ្យតាមរដូវនៅតំបន់ព្រៃឡង់។ ជាមួយគ្នានេះ​ ក្រុមការងារពិសេសរបស់ក្រសួងរ៉ែ និងថាមពល នឹងបន្តកិច្ចការចុះឆ្មក់ និងអនុវត្តច្បាប់ទប់ស្កាត់ និងបង្រ្កាបនូវការធ្វើរ៉ែអនាធិបតេយ្យបន្ថែមទៀតដូចភ្លៀងរលឹម។

ក្រសួងរ៉ែ និងថាមពល សូមអំពាវនាវឲ្យបងប្អូនទាំងអស់មេត្តាចូលរួមអនុវត្តច្បាប់ និងប្រតិបត្តិឲ្យត្រូវតាមបច្ចេកទេសដែលក្រសួងបានកំណត់ទាំងអស់គ្នា ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន បរិស្ថានសង្គម ប្រកបដោយចីរភាព៕