(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ដែលធ្វើឡើងនៅទីស្តីការក្រសួងសុខាភិបាល ក្រោមវត្តមានលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឲ្យសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោក តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា បានគណៈប្រតិភូមកពីក្រុមហ៊ុនសហគ្រាសចំនួន២៦ ស្នើសុំការណែនាំ និងសហការគាំទ្រពីក្រសួងសុខាភិបាល ក្នុងការបណ្តាក់ទុនវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា។

លោក តាកាហាស៊ី ហ្វូមីអាគី បានគូសបញ្ជាក់ថា គោលបំណងនៃកិច្ចជំនួបនាឱកាសនេះ គឺដឹកនាំក្រុមការងារ សហគ្រាសធុនតូច និងមធ្យម ដែលមានចំណាប់អារម្មណ៍ចង់បណ្តាក់ទុនវិនិយោគលើវិស័យសុខាភិបាល មកជម្រាបជូនក្រសួងសុខាភិបាល និងស្នើសុំការណែនាំ ក៏ដូចជាសុំការសហការគាំទ្ររបស់ក្រសួងសុខាភិបាលផងដែរ ក្នុងនោះរួមមានការវិនិយោគលើផលិតផលគ្រឿងសម្អាង និងការបណ្តុះបណ្តាលការថែរក្សាសម្ផស្ស ការវិនិយោគបណ្តុះបណ្តាលការថែទាំមនុស្សចាស់ និងរៀបចំមន្ទីរពេទ្យដែលស្តិតក្នុងគម្រោងអភិវឌ្ឍន៍JICA ព្រមទាំងការបង្កើតការិយាល័យរបស់ សមាគមជប៉ុន-កម្ពុជា នៅកម្ពុជានាឆ្នាំខាងមុខ។

ជាការឆ្លើយតប លោកសាស្ត្រាចារ្យបានសម្តែងនូវសេចក្តីរីករាយ និងស្វាគមន៍សហគ្រាសធុនតូច និងមធ្យម នៃប្រទេសជប៉ុន ដែលមានបំណងចង់មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលជាការឆ្លើយតបទៅនិងយុទ្ធសាស្ត្រអាទិភាពសុខាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតលើភាពជាដៃគូសាធារណៈនិងឯកជនផ្ទាល់ផងដែរ។

លើសពីនោះលោកក៏បានលើកទឹកចិត្តសមាគមកម្ពុជា-ជប៉ុន ជាពិសេសក្រុមហ៊ុនដែលមានបំណងមកវិនិយោគនៅកម្ពុជា ឱ្យពិភាក្សាជាមួយមន្ត្រីជំនាញនៃផ្នែកនីមួយៗ ដើមី្បស្វែងយល់ពីយន្តការ ទទួលបានការសម្របសម្រួល និងផ្តល់ការណែនាំច្បាស់លាស់ដល់ក្រុមហ៊ុន ព្រមទាំងបានអបអរសាទរ សមាគមកម្ពុជា-ជប៉ុន ដែលត្រៀមនឹងបើកទីស្នាក់ការនៅរាជធានីភ្នំពេញ។

ក្នុងជំនួបនោះលោកសាស្ត្រាចារ្យ ក៏បានថ្លែងអំណរគុណលោក តាកាហាស៊ី ហ្វូមីអាគី ដែលកន្លងមកតែងតែជួយគាំទ្រ ដល់ការអភិវឌ្ឍវិស័យសុខាភិបាល តាមរយៈការជួយសម្របសម្រួលផ្តល់ហិរញ្ញប្បទានឥតសំណង ក្រោមក្របខណ្ឌជំនួយសហប្រតិបត្តិការបច្ចេកទេស របស់រដ្ឋាភិបាលជប៉ុនដល់វិស័យសុខាភិបាលកម្ពុជា ទាំងក្នុងនាមជាឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុននៅកម្ពុជា និងក្នុងនាមជាប្រធានសមាគមកម្ពុជា-ជប៉ុន។

លោកប្រធានសមាគមជប៉ុន-កម្ពុជា ក៏បានសន្យាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន លើវិស័យសុខាភិបាល ដោយខិតខំជាបន្ថែមទៀត ជំរុញឱ្យសមាគមធុរកិច្ចជប៉ុន សហការ និងបង្កើនទំនាក់ទំនងការងារ ជាមួយភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរ។

ទន្ទឹមនឹងនោះលោកសាស្ត្រាចារ្យ កុយ វ៉ាន់នី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ជាពិសេស ឯកឧត្តមប្រធានសមាគម ដែលបានបញ្ជាក់ជំហរគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខា ភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕