(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានដឹកនាំបន្ត នៃវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» វគ្គទី៧ ដល់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល ដែលមានសមាសភាពចូលរួមសរុបចំនួន ១,៨២១នាក់ តាមប្រព័ន្ធវីដេអូសន្និសីទ។

គោលបំណងនៃការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង គឺដើម្បីពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាលនៅគ្រប់កម្រិត តាមរយៈការបណ្តុះបណ្តាលលើផ្នែក ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលជាយុទ្ធសាស្រ្តអាទិភាពរបស់ក្រសួងសុខាភិបាល ក្នុងចំណោមអាទិភាព៣ បានដាក់ចេញ និងដើម្បីគាំទ្រកំណែទម្រង់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

ខ្លឹមសារបណ្តុះបណ្តាលក្នុងសប្តាហ៍នេះ បានផ្តោតទៅលើគន្លឹះសំខាន់បួនរួមមាន៖
១៖ ការពន្យល់អំពីហេតុអ្វីបានជាការបង្កើតឱ្យមានសិទ្ធិអំណាចត្រឹមត្រូវច្បាស់លាស់ និងសមស្រប គឺជាតម្រូវការចាំបាច់សម្រាប់ការធ្វើឱ្យមានការផ្លាស់ប្តូរធ្វើឱ្យកាន់តែប្រសើរ។

២៖ ការទទួលសិទ្ធិអំណាច ត្រូវការនៅកម្រិតខុសៗគ្នានៅក្នុងស្ថាប័នមួយ និងមាននៅគ្រប់ផ្នែក ឬនាយកដ្ឋានផ្សេងៗគ្នាជាច្រើន សម្រាប់ពេលវេលាវែងឆ្ងាយ។ ការទទួលសិទ្ធិអំណាចនេះរួមមានទាំងប្រភពផ្លូវការ និងប្រភពមិនផ្លូវការ។

៣៖ ការកំណត់ចេញនូវយុទ្ធសាស្រ្តសក្តានុពលមួយ ដើម្បីធានាថាកិច្ចប្រឹងប្រែងធ្វើកំណែទម្រង់សំដៅភាពប្រសើរ ពិតជាមានសិទ្ធិអំណាចដែលច្បាស់លាស់ និងសមស្រប។

៤៖ ការកំណត់បាននូវបុគ្គលផ្សេងៗដែលជាធនធាន ទាំងនៅក្រៅរង្វង់អ្នកមានសិទ្ធិអំណាច ដើម្បីចូលរួមចំណែកក្នុងការគាំទ្រចាំបាច់សម្រាប់ភាពជោគជ័យ។

បន្ថែមពីនេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានចង្អុលបង្ហាញពីការរៀបចំ និងការអនុវត្តដំណើរការដំណោះស្រាយបញ្ហាជំហានដំបូងៗផងដែរ៕