(ភ្នំពេញ)៖ ដើម្បីជាការលើកទឹកចិត្តដល់ក្មួយៗ សិស្សានុសិស្សថ្នាក់ទី១២ ដែលទើបត្រៀមប្រឡងបាក់ឌុបនៅថ្ងៃទី២២ ខែសីហា ខាងមុខនេះ លោក លីវ វណ្ណថេង បានជួបជុំសំណេះសំណាល លើកទឹកចិត្ត និងផ្តល់ចំណេះដឹងបទពិសោធន៍ខ្លះៗ ដើម្បីជាជំនួយស្មារតីដល់ប្អូនៗក្នុងថ្ងៃប្រឡង។ ពេលជួបជាមួយសិស្សានុសិស្ស ប្រមាណ៩០នាក់ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ លោកចៅសង្កាត់ បានលើកទឹកចិត្ត និងស្នើដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ឲ្យបន្តការសិក្សា របស់ខ្លួនបន្តទៀត នៅពេលប្រកាសលទ្ឋផល ប្រឡងបាក់ឌុប នៅពេលឆាប់ៗខាងមុខនេះ ដើម្បីចាប់យកអាជីពដែលខ្លួនស្រឡាញ់ពេញចិត្ត និងសង្ឃឹមថា អាចសាងអនាគតរបស់ខ្លួន បានល្អប្រសើរ។
លោក លីវ វណ្ណថេង សង្ឃឹមថា ធនធានមនុស្សចេញពីប្អូនៗ សូមប្អូនៗកុំភ្លេចថា ប្រទេសជាតិយើង គឺមានភាគហ៊ុនរបស់ប្អូនៗ ប្រទេសជាតិយើងកំពុងរង់ចាំយើង ក្នុងការចូលរួមកសាង អភិវឌ្ឍន៍ ប្រទេស និងកសាងសង្គម ហើយសង្គមរីកចំរើនទៅបាននោះ អាស្រ័យលើប្អូនៗទាំងអស់គ្នា ដែលយើងជ្រកក្រោមសន្តិភាពដូចសព្វថ្ងៃនេះ។ លោក លីវ វណ្ណថេង បានលើកឡើងទៀតថា ក្នុងនាមអាជ្ញាធរ លោកនឹងបន្តជួយតទៅទៀត ក្នុងការលើកទឹកចិត្តដល់ ប្អូនៗ និងក្មួយៗ ទៅតាមលទ្ឋភាពជាក់ស្តែង។ លោកក៏បានស្នើដល់ក្មួយៗ ទាំងអស់ ខិតខំបន្តការសិក្សា រៀនសូត្រតទៅទៀត ដើម្បីយកចំណេះដឹងទាំងអស់នេះ មកបម្រើការងារក្នុង ភូមិឋានរបស់ខ្លួនវិញ។ យុវជនខណ្ឌ សង្កាត់ គឺសុទ្ឋតែជាអ្នកគាំទ្រដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើអោយប្រទេស ជាតិមានការរីកចំរើន ជាក់ស្តែងក្នុងសង្កាត់ព្រែកថ្មី ទាំងមូលមានការអភិវឌ្ឍន៍ រីកចំរើនលើគ្រប់វិស័យ ដូចជាការស្ថាបនាស្ពានតាខ្មៅ ឆ្លង ទន្លបាសាក់ ដែលមិនធ្លាប់មានពីមុនមក ដើម្បីបម្រើការធ្វើដំណើរ ដោយមិនបាច់ឆ្លងទូកដដូចពីមុន និងសព្វថ្ងៃនេះ កំពុងធ្វើការស្ថាបនាពង្រីកផ្លូវកៅស៊ូលេខ១១០ទៀត ចាប់ពីព្រំប្រទល់សង្កាត់ព្រែកប្រា រហូតដល់ព្រំប្រទល់ស្រុកកៀនស្វាយ។
ក្នុងឱកាសនោះ តំណាងយុវ សិស្ស ក៏បានថ្លែង អំណរគុណដល់លោក លីវ វណ្ណថេង ដោយក្តីមនោសញ្ចេតនា រំភើបរីករាយឥតឧបមា ដែលបានលះបង់ពេលវេលា ដ៏មានតម្លៃ និងធនធានផ្ទាល់ខ្លួន ដោយបានអញ្ជើញចូលរួមសំណេះសំណាល និងបរិច្ចាគដល់សិស្សានុសិស្សវិទ្យាល័យ ព្រែកថ្មីយើងខ្ញុំទាំងអស់គ្នា ដែលតែងតែយកចិត្តទុកដាក់ជួយដាស់តឿនក្រើនរំលឹក និងផ្តល់គំនិតយោបល់ល្អៗ ដូចជាការឧបត្ថម្ភថវិកាដល់ ពួកយើងខ្ញុំទាំងអស់គ្នាកន្លងមក ដោយចាត់ទុកពួកយើងខ្ញុំ ជាកូន ជាក្មួយៗរបស់លោក ជាក់ស្តែងដូចជាថ្ងៃនេះ ជាដើម៕