(ភ្នំពេញ)៖ ឧកញ៉ា ទ្រី ដាណា និងលោក រស់ រាជ្ជសាល នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បាននាំយកថវិកាចំនួន ១ម៉ឺនដុល្លារ ប្រគល់ជូនកាកបាទក្រហមកម្ពុជា ក្រោមវត្ដមានលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។ ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

ថ្លែងក្នុងជំនួបសវនាការ និងទទួលថវិកានេះ លោកស្រី ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឧកញ៉ា ទ្រី ដាណា និងលោក រស់ រាជ្ជសាល ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់។

លោកស្រី ម៉ែន នារីសោភ័គ ក៏បានកោតសរសើរអំពីទឹកចិត្ដដ៏សប្បុរសរបស់ ឧកញ៉ា ទ្រី ដាណា ដែលក្រៅពីជួយគាំទ្រដល់សកម្មភាពមនុស្សធម៌ដល់កាកបាទក្រហមកម្ពុជា ឧកញ៉ាដ៏សប្បុរសរូបនេះ ក៏តែងតែចុះទៅដោយផ្ទាល់ជួយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះគ្រប់រូបភាព ដល់លំនៅឋានផ្ទាល់តែម្ដង ដែលមានជាថវិកា និងសម្ភារៈផ្សេងៗ។ ជាពិសេសគឺបានចូលរួមជួយសង្គម តាមសកម្មភាពផ្សេងៗទៀត៕