(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រគល់ និងឧបត្ថម្ភឯកសណ្ឋានថ្មី ជូនមន្រ្តីជាប់កិច្ចសន្យារបស់រដ្ឋបាលរាជធានីភ្នំពេញដែលមានចំនួនសរុប៣០០នាក់ ដើម្បីប្រើប្រាស់ចូលរួមបំពេញការងារសហការជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ក្នុងការថែរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍នៅក្នុងរាជធានីភ្នំពេញឱ្យកាន់តែមានប្រសិទ្ធភាព។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងថា ការផ្លាស់ប្តូរឯកសណ្ឋានថ្មីរបស់មន្រ្តីជាប់កិច្ចសន្យានេះគឺមានការគាំទ្រពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺដើម្បីឱ្យបងប្អូនមន្រ្តីជាប់កិច្ចសន្យាបំពេញការងារប្រកបដោយការទទួលខុសត្រូវចំពោះការងាររបស់ខ្លួនក្នុងចូលរួមសហការជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។

លោកស្នងការ ក៏បានកោតសរសើរនឹងវាយតម្លៃខ្ពស់ចំពោះបងប្អូនមន្រ្តីជាប់កិច្ចសន្យាដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ក្នុងការចូលរួមសហការបំរើការងារថែរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ប្រកបដោយស្មារតីទទួលខុសត្រូវជាពិសេសជួយសម្រួលចរាចរណ៍ដោះស្រាយការកកស្ទះនាំឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋទទួលបានសុខសុវត្ថិភាពប្រសើរ។ ក៏បានណែនាំឱ្យខិតខំបំពេញការងារអនុវត្តឱ្យបានត្រឹមត្រូវដើម្បីចៀសវាងកុំឱ្យមានការរិះគន់ពីប្រជាពលរដ្ឋផងដែរ៕