(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការនាំយកនូវដំណឹងដើម្បីផ្សព្វផ្សាយជូនដល់សាធារណជន ជាពិសេសវិនិយោគិន និងពាណិជ្ជករអំពីបទដ្ឋានគតិយុត្ត និងច្បាប់នានានៃកិច្ចព្រមព្រៀន RCEP។

ការថ្លែងរបស់លោករដ្ឋមន្រ្ដីនៅក្នុងការធ្វើបទបង្ហាញបាឋកថាស្តីពី «ការវិភាគលើគតិយុត្តនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់» ដោយមានការចូលរួមពីលោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្រសួងព័ត៌មាន។

លោក នេត្រ ភក្រ្ដា បានលើកឡើងថា តាមរយៈការព្យាករ កិច្ចព្រមព្រៀង RCEP នឹងជួយកម្ពុជាឱ្យចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧។ ហេតុដូចនេះ ប្រព័ន្ធផ្សព្វផ្សាយទាំងរដ្ឋ និងឯកជន ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការនាំយកនូវដំណឹងទាំងអស់នេះដើម្បីផ្សព្វផ្សាយជូនដល់សាធារណជន ជាពិសេសវិនិយោគិន និងពាណិជ្ជករអំពីបទដ្ឋានគតិយុត្ត និងច្បាប់នានានៃកិច្ចព្រមព្រៀននេះ។

លោករដ្ឋមន្រ្ដីបានបញ្ជាក់ថា៖ «ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្ត ប្រព័ន្ធផ្សព្វផ្សាយបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយ ចែករំលែកជូនសាធារណៈជនឱ្យបានជ្រួតជ្រាបពីសក្ដានុពលនៃកិច្ចព្រមព្រៀង RCEP ដើម្បីកម្ពុជាអាចទាយយកប្រយោជន៍នៃកិច្ចព្រមព្រៀងនេះជាអតិបរមា និងឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ ដើម្បីក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០»។

ជាមួយនេះដែរ លោក នេត្រ ភក្រ្ដា ក៏បានគូសបញ្ជាក់ផងដែរថា កន្លងមកសម្ដេចធិបតី ហ៊ុន ម៉ាណែត តែងលើកឡើងថា កិច្ចព្រមព្រៀងនេះ មានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ពីព្រោះវាបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។ ទន្ទឹមនេះ ដោយសារតែភាពមិនប្រាកដប្រជាជាសកលកាន់តែខ្លាំងឡើងនាពេលបច្ចុប្បន្ន តួនាទីរបស់កិច្ចព្រមព្រៀង RCEP កាន់តែមានសារៈសំខាន់នៅក្នុងពង្រឹងទំនុកចិត្តនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគី ការស្ដារសេដ្ឋកិច្ចឡើងវិញ និងការជំរុញសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា គិតត្រឹមរយៈពេលប្រាំបួនខែ ឆ្នាំ២០២៣នេះ កម្ពុជា បាននាំចេញទំនិញមានតម្លៃ ៥ ០៨១ ពាន់លានដុល្លារ ទៅកាន់ប្រទេសជាសមាជិករបស់កិច្ចព្រមព្រៀង RCEP កើនឡើង ២៣,៦ ភាគរយ៕