(កណ្តាល)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង​ ស្នងការ ស្នងការរង មេបញ្ជាការរាជធានី-ខេត្ត នាយ នាយរងកងរាជអាវុធហត្ថ និងពុទ្ធបរិស័ទជិតឆ្ងាយ បានមូលមតិគ្នាធ្វើអង្គកឋិនទានសាមគ្គី នៅវត្តទេពរង្សី ដែលស្ថិតនៅក្នុងភូមិជ័យមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តា។

ហើយនៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២៣ នេះបានអញ្ជើញចូលរូមពិធីសូត្រមន្ត និងស្តាប់ព្រះសង្ឃ សម្តែងធម៌ទេសនា។

ផ្អែកតាមសៀវភៅព្រះរាជពិធីទ្វាទស្សមាសដែលផ្សព្វផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតបានបង្ហាញថា៖ ពុទ្ធបរិសទ្ទ័នាំគ្នាធ្វើបុណ្យកឋិននេះគឺក្នុងជំនឿតាមគម្ពីរដីកាពុទ្ធសាសនាស្តីពីកឋិនទានថាជាកាលទានដ៏មានផល្លានិសង្ឃច្រើនជាងទានទាំងពួង។ តាមពុទ្ធប្បញ្ញត្តិ ភិក្ខុសង្ឃដែលអាចទទួលក្រាលគ្រងកឋិនបាន លុះណាតែបានគង់ចាំព្រះវស្សាអស់ពេល៣ខែដោយបរិបូរណ៍ ពុំមានដាច់កិច្ចចូលព្រះវស្សាទេនោះ ក៏ពុំអាចទទួលកឋិនទានពីពុទ្ធបរិសព្ទ័បានដែរ។

យើងទាំងអស់គ្នា មានឧិកាសជួបជុំធ្វើបុណ្យទាននាពេលនេះ គឺដោយសារកម្ពុជាមានសន្តិភាពពេញផ្ទៃប្រទេស ក្រោមនយោបាយឈ្នះឈ្នះរបស់ស្ថាបនិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន និងបន្តមកដល់នយោបាយបញ្ចកោណដំណាក់កាលទី១៧ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

បុណ្យកឋិនទាននេះ ក៏ជាការរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យកាន់តែរុងរឿង និងគង់វង់យូអង្វែង។ ម៉្យាងទៀត ក៏បានបង្ហាញឲ្យឃើញពីការជួបជុំរបស់ពុទ្ធបរិសទ្ធ័ជិតឆ្ងាយ ដោយក្តីជ្រះថ្លា និងបង្កើនសាមគ្គីភាពរវាងប្រជាពលរដ្ឋ និងអាជ្ញាធរ ក្នុងការរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យកាន់តែរីកចំរើន។

តាមទំនៀមទំលាប់ ជនណាបានធ្វើបុណ្យកឋិនទាន ដែលនាំឲ្យភិក្ខុសង្ឃបានទទួលនូវអានិសង្ឃ៥យ៉ាង ឈ្មោះថា ជាអ្នកឲ្យសេចក្តីសុខដល់អ្នកដទៃ ក្នុងបច្ចុប្បន្នជាតិ ជននោះឯងតែងបានសុខក្នុងមនុស្សលោក និងទេវលោក ក្នុងអនាគត។

កម្លាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ដែលកើតមានពីអង្គកឋិនទាន និងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតា ជីដូនជីតាញាតិការទាំង៧សណ្តាន និងឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជនយុទ្ធនារីដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ៕