(ភ្នំពេញ)៖ ក្រុមការងារនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឆ្មក់ និងឃាត់សាឡង់​បូមខ្សាច់ចំនួន៤ គឺនៅកោះនរា ១ គ្រឿង បូមខុសដែនអាជ្ញាបណ្ណ និងសាឡង់ចំនួន៣ទៀត នៅខេត្តកណ្តាល ដែលជ្រកក្រោមអាជ្ញាបណ្ណសិប្បកម្ម តែការអនុវត្តការបូមប្រើទុយោធំលើសការអនុញ្ញាត និងការដឹកជញ្ជូនចំណុះទូកខុសពីច្បាប់អនុញ្ញាត។

បន្ថែមពីនេះ ក្រុមការងារពិសេសរបស់ក្រសួងរ៉ែ និងថាមពល នឹងបន្តឆ្មក់ឃាត់សាឡង់ល្មើសនេះបន្ថែមទៀត។

សម្រាប់ម្ចាស់សាឡង់ និងសិប្បកម្ម ទាំងនេះនឹងត្រូវកោះមកជួបក្រសួងដើម្បីពិន័យតាមច្បាប់នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ។

ក្រសួងរ៉ែ និងថាមពល សូមអំពាវនាវឱ្យបងប្អូនអាជីករខ្សាច់សំណង់ទាំងអស់ មេត្តាចូលរួមអនុវត្តច្បាប់ និងត្រូវតាមបច្ចេកទេសដែលក្រសួងបានកំណត់ទាំងអស់គ្នាក្នុងការប្រកបអាជីវកម្មរ៉ៃខ្សាច់សំណង់ប្រកបដោយចីរភាព រក្សាបរិស្ថានសង្គម និងការចូលរួមបង់សួយសារចូលរដ្ឋស្របច្បាប់ទាំងអស់គ្នា៕