(ភ្នំពេញ)៖ លោក កាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានបង្ហាញពីបំណងរបស់សមាគម ក្នុងការនាំក្រុមហ៊ុនជប៉ុនខ្នាតធំមកកម្ពុជា ឱ្យបានច្រើនថែមទៀត បន្ថែមពីលើក្រុមហ៊ុនខ្នាតតូច និងមធ្យម ដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែខ្លាំង។

ការបង្ហាញបំណងបែបនេះរបស់ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) ក្នុងឱកាសលោកបានដឹកនាំប្រធានក្រុមហ៊ុន និងអ្នកវិនិយោគជប៉ុនមួយចំនួន ជួបពិភាក្សាការងារជាមួយលោក ប្រាក់ សុខុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈទាក់ទងបរទេស តំណាងដ៏ខ្ពងខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅវិមាន៧មករា។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា លោក កាហាស៊ី ហ្វូមីអាគី បានបញ្ជាក់ពីគោលបំណងក្នុងការបង្កើតការិយាល័យសមាគមជប៉ុន-កម្ពុជានៅកម្ពុជា ដើម្បីសម្របសម្រួល និងជំរុញការងារវិនិយោគ និងធុរកិច្ចនៃប្រទេសទាំងពីរ។

ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) ក៏បានអរគុណសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រសកម្មភាពរបស់សមាគមជប៉ុន-កម្ពុជា ក៏ដូចជាដល់គម្រោងវិនិយោគនានារបស់ជប៉ុន។

លោកក៏បានលើកឡើងថា សហគ្រាសធុនតូច និងមធ្យម ជប៉ុនមានចំណាប់អារម្មណ៍ លើវិស័យបច្ចេកទេសផ្សេងៗ ជំនាញក្នុងការជួសជុល និងថែទាំរថយន្ត បច្ចេកវិទ្យាព័ត៌មានវិទ្យា គិលានុបដ្ឋាយិកា និងការកែសម្ភស្សជាដើម។

ជាការឆ្លើយតបលោក ប្រាក់ សុខុន បានស្វាគមន៍ និងគាំទ្រគំនិតបង្កើតការិយាល័យសមាគម និងបំណងជំរុញវិនិយោគនានា។ លោកក៏បានជម្រាបជូនអំពីស្ថានភាពនយោបាយ ដែលមានស្ថិរភាពនយោបាយសង្គម ល្អប្រសើរក្រោយការបោះឆ្នោតសកលកាលពីខែកក្កដាកន្លងទៅ និងការផ្ទេរអំណាចជូនថ្នាក់ដឹកនាំជំនាន់ថ្មី ដោយរលូន ដែលនេះបង្កើតបានជាបរិយាកាសវិនិយោគដ៏ល្អប្រសើរនៅកម្ពុជា ដែលជាកាលានុវត្តភាព សម្រាប់ការវិនិយោគរបស់ជប៉ុន និងបណ្តាប្រទេសផ្សេងៗទៀតនៅកម្ពុជា។

លោក ប្រាក់ សុខុន បានគូសបញ្ជាក់ថា ការវិនិយោគរបស់ប្រទេសជប៉ុន មិនត្រឹមតែបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជំរុញការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្សេងៗដល់និយោជិក និងវិស្វករកម្ពុជាថែមទៀតផង។

ភាគីទាំងពីរប្តេជ្ញាបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការវិនិយោគ និងធុរកិច្ចទៅវិញទៅមក រវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីជាផលប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរ។ ភាគីទាំងពីរបានអបអរសាទរចំពោះជោគជ័យនៃការបាញ់កាំជ្រួចដោយប្រើបច្ចេកវិទ្យាជប៉ុន កាលពីថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២៣ ដើម្បីអបអរសាទរខួបលើកទី៧០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន៕