(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ប្រាក់ សុខុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈទាក់ទងបរទេស តំណាងដ៏ខ្ពងខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យលោក តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា រួមជាមួយប្រធានក្រុមហ៊ុន និងអ្នកវិនិយោគជប៉ុន មួយចំនួនជួបសន្ទនានៅវិមាន៧មករា។

នាឱកាសនោះដែរលោក ប្រាក់ សុខុន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូជំរុញការវិនិយោគជប៉ុននៅ កម្ពុជាលើកទី៣ និងបានកោតសរសើរ និងអរគុណឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ចំពោះតួនាទីដ៏សកម្ម របស់លោកក្នុងការផ្តួចផ្តើម ជំរុញ និងចាត់តាំងដឹកនាំដំណើរទស្សនកិច្ចនេះ ក៏ដូចជាជួយជំរុញការវិនិយោគ របស់ជប៉ុននៅកម្ពុជា។

លោកក៏បានអបអរការតំឡើងឋានៈនៃទំនាក់ទំនងទ្វេភាគីដល់កម្រិតនៃភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាឆ្នាំ២០២៣នេះ ដែលជាឆ្នាំគម្រប់ខួបទី៧០ នៃទំនាក់ទំនងការទូត កម្ពុជា-ជប៉ុន។

លោកក៏បានសម្តែងផងដែរ នូវអំណរគុណរបស់គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាចំពោះវិភាគទានដ៏មានតម្លៃរបស់ជប៉ុន ក្នុងដំណើរការស្វែងរកសន្តិភាព ការកសាងប្រទេសឡើងវិញ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដូចសព្វថ្ងៃនេះ។

លោក តាកាហាស៊ី ហ្វូមីអាគី បានអរគុណសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រសកម្មភាពរបស់សមាគមជប៉ុន-កម្ពុជា ក៏ដូចជាដល់គម្រោងវិនិយោគនានារបស់ជប៉ុន៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា៖