(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្តាំផ្ញើ និងក្រើនរំលឹកដល់ឯកអគ្គរាជទូត ដែលចេញទៅបម្រើការ ងារនៅក្រៅប្រទេសឲ្យគិតគូរ និងការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំទោះបីក្នុងកាលៈទេសៈណាក៏ដោយ។
ការផ្តាំផ្ញើរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានធ្វើឡើងក្នុងពេលដែលសម្តេចអនុញ្ញាតឲ្យឯកអគ្គរាជទូតខ្មែរ ៥រូប ដែលទើបនឹង តែងតាំងឲ្យទៅបំពេញការងារនៅក្រៅប្រទេសចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ។
សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងណែនាំដូច្នេះ «នៅពេលបំពេញការងារ ឯកឧត្តម ឯកអគ្គរាជទូតទំាងអស់ គប្បីគិតពីផលប្រយោជន៍ជាតិជាធំ ការពារផលប្រយោជន៍របស់ជាតិ និងប្រជាពលរដ្ឋខ្មែរ ពលករខ្មែរ ដែលរស់នៅប្រកបអាជីវកម្ម និង ធ្វើការងារនៅប្រទេស ដែលឯកឧត្តមទទួលជាតំណាង ទោះបីស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ»។
សម្តេច សាយ ឈុំ ក៏បានជំរុញឲ្យឯកអគ្គរាជទូតទើបតែងតាំងថ្មីនេះ យកចិត្តទុកដាក់ ពង្រឹងពង្រីក ទំនាក់ទំនងសហប្រតិបត្តិការ ទំាងវិស័យនយោបាយការបរទេស កសិកម្ម ពាណិជ្ជកម្ម វិនិ យោគ ទេសចរណ៍ និងវប្បធម៌ជាដើមជាមួយប្រទេសដែលទៅបំពេញការងារ។ សម្តេច សាយ ឈុំ ក៏ជំរុញឯកអគ្គរាជទូតទាំងនេះ បង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយឯកអគ្គរដ្ឋទូត-រាជទូត នៃបណ្តាប្រទេសដទៃទៀត ប្រចាំនៅប្រទេសដែលចេញទៅបំពេញការងារ។
សម្តេច សាយ ឈុំ ក៏បានផ្តាំផ្ញើដល់ឯកអគ្គរាជទូតទំាងអស់ ត្រូវធ្វើសកម្មភាពឲ្យបានសកម្មក្នុងការផ្សព្វផ្សាយ បកស្រាយ និង ពន្យល់អំពីសភាពការណ៍នយោបាយ ការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ជូនដល់សាធារណៈមតិជាតិអន្តរជាតិជាពិសេសនៅប្រទេសដែលកំពុងបំពេញភារកិច្ច ហើយត្រូវផ្តល់ព័ត៌មានឲ្យបានរហ័សចំពោះសភាពការណ៍ នយោបាយក្រៅប្រទេស ដែលពាក់ព័ន្ធនឹងប្រទេសកម្ពុជា។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានជំរុញឯកអគ្គរាជទូតយកចិត្តទុកដាក់ផ្សព្វផ្សាយ ទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរមកកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត។
លោក សុក ជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជា ដែលនឹងចេញទៅបំពេញការងារនៅប្រទេសមីយ៉ាន់ម៉ា ជាតំណាងឯកអគ្គរាជទូតទំាងអស់ បានប្តេជ្ញានៅចំពោះមុខសម្តេចប្រធានព្រឹទ្ធសភាថា នឹងខិតខំបំពេញការងារ ភារកិច្ច តំណាងឲ្យព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ ទៅតាមច្បាប់ ដែលបានកំណត់។
លោកបានលើកឡើងថា «ឯកអគ្គរាជទូតទំាងអស់ នឹងខិតខំអនុវត្តន៍តាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រធានព្រឹទ្ធសភា និងខិតខំថែរក្សា ផ្សព្វផ្សាយនូវកិត្យានុភាពប្រទេសជាតិ ពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការ ជាមួយប្រទេសម្ចាស់ផ្ទះ និងឯកអគ្គរាជទូត-រដ្ឋទូតប្រទេស ផ្សេងៗទៀត និងខិតខំទាក់ទាញវិនិយោគិន អ្នកទេសចរ ឲ្យមកកម្ពុជាកាន់តែច្រើន»។
សូមបញ្ជាក់ថា នៅពេលថ្មីៗនេះ ព្រះមហាក្សត្រកម្ពុជា ទើបនឹងត្រាស់បង្គាប់តែងតាំងឯកអគ្គរាជទូតខ្មែរចំនួន៥រូប ឲ្យចេញទៅបំពេញការងារនៅតាមប្រទេសនានា។ ឯកអគ្គរាជទូតទាំង៥នាក់នោះរួមមាន៖ ១. លោក សុក ជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅសហភាពមីយ៉ាន់ម៉ា, ២. លោក ហេង សុផល ឯកអគ្គរាជ ទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំនៅសាធារណរដ្ឋគុយបា, ៣. លោក កែវ វិសិដ្ឋ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅសហព័ន្ធរុស្ស៊ី, ៤. លោក ប្រាក់ ងួនហុង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងទី៥. លោក អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅប្រទេសព្រុយណេ៕