(រតនគិរី)៖ ដោយមានការចង្អុលបង្ហាញពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី, ឱកាសនោះ លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បាននាំយកអំណោយថ្នាំពេទ្យដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី ព្រមទាំងដឹកនាំសម្របសម្រួល ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តចំនួន៧៩នាក់ ស្រីចំនួន៤៣នាក់ បានបន្តចុះអប់រំសុខភាព បណ្តុះបណ្តាលវគ្គសង្រ្គោះបឋម សង្រ្គោះបឋម និងពិនិត្យព្យាបាលជំងឺ រួមទាំងចែកឱសថ និងមានការចែករទេះជនពិការ ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ជាមួយគ្នានោះ លោក លេង ផានី បានពាំនាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពីលោក ហ៊ុន ម៉ានី ជូនចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលកំពុងស្ម័គ្រចិត្តបន្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី១ ដូសទី២ ដូសទី៣ ដូសទី៤ ដូសទី៥ និងដូសទី៦ ក្នុងក្របខណ្ឌទូទាំងប្រទេសជាមួយរាជរដ្ឋាភិបាល ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម រួមទាំងប្រជាពលរដ្ឋ ចូលរួម ចំនួន ១៨៩៦នាក់ ស្រ្តីមានចំនួន ១៣៦៥នាក់ ដោយសហការជាមួយ លោក ម៉ា វិចិត្រ អភិបាលរងខេត្ត តំណាងលោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី មន្ទីរសុខាភិបាលខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា សកម្មជនក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ យុវជនស្រលាញ់សន្តិភាព និងអាជ្ញាធរឃុំ-ស្រុក ដែលពាក់ព័ន្ធ អមដំណើរដោយ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុង រតនា អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ខេត្តរតនគិរី និងជាប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី លោកវេជ្ជបណ្ឌិត ឌឿន វុទ្ធា លោក ភឿន កុសល លោកបណ្ឌិត អ៊ី លីម៉ា លោកស្រីវេជ្ជបណ្ឌិត មួង សុជាតិ អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងក្រុមការងារ។

លោក ម៉ា វិចិត្រ អភិបាលរងខេត្ត តំណាង លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានថ្លែងកោតសរសើរខ្ពស់ចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី តែងតែមានសកម្មភាពយ៉ាងសកម្មចុះជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី និងចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្មជាច្រើនលើកច្រើនសារ ក្នុងខេត្តរតនគិរី។ លោកក៏បានថ្លែងអំណរគុណ លោក ហ៊ុន ម៉ានី ដែលបានចាត់តាំងបញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ជាច្រើនលើកមកខេត្តរតនគិរី ក្នុងការពិនិត្យនិងព្យាបាល ចែកថ្នាំជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ព្រមទាំងចុះយុទ្ធាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម។

បើតាមប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានឲ្យដឹងដែរថា «ប្រជាពលរដ្ឋ ក៏ដូចអាជ្ញាធរមូលដ្ឋាន គ្រប់ជាន់ថ្នាក់ ទូទាំងប្រទេស សប្បាយរីករាយ កោតសរសើរ និងថ្លែងអំណរគុណជាខ្លាំង ដែលបានឃើញសកម្មភាពរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានជារៀងរាល់សប្តាហ៍ រៀងរាល់ខែ តាមបណ្តាសង្គម Facebook និងតាមបណ្តាព័ត៌មានផ្សេងៗ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ធ្វើការពិតប្រាកដ ដូចភ្លៀងរលឹម ទាំងការចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយឥតគិតថវិកាបេសកកម្ម ព្រមទាំងការពិនិត្យ ព្យាបាលជំងឺ និងចែកឱសថជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលជាការលះបង់ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការសង្គ្រោះជីវិតប្រជាពលរដ្ឋយ៉ាងពិតប្រាកដ»

លោក លេង ផាលី បានបញ្ជាក់ថា «ក្នុងរយៈពេល ១១ឆ្នាំ ឈានចូល ១២ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១៨ វិច្ឆិកា ឆ្នាំ២០២៣) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ ការចង្អុលបង្ហាញជាប្រចាំ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដប្រជាគួរឱ្យគោរពកោតសរសើរ របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន ១២,០៦៩នាក់ (មួយម៉ឺនពីរពាន់ហុកសិបប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៤៩៥នាក់ (ប្រាំមួយពាន់បួនរយកៅសិបប្រាំនាក់)»។

លោកបន្តថា «ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង ២៥រាជធានី- ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន ១៧៦១លើក, ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន ១៣,១២៧,១៧៥នាក់ (ដប់បីលានដប់ពីរម៉ឺនប្រាំពីរពាន់មួយរយចិតសិបប្រាំ នាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៧១៣,៣៧៣នាក់ (ប្រាំមួយលាន ចិតសិបមួយម៉ឺនបីពាន់បីរយចិតសិបបី នាក់) គិតត្រឹម ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ ច្រើនជាងចំនួន ៣ ភាគ ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧,០៩១,៤៦៤ នាក់ (ដប់ប្រាំពីរលាន ប្រាំបួនម៉ឺន មួយពាន់ បួនរយ ហុកសិប បួននាក់) ធៀបនឹងឆ្នាំ២០២៣»

លោកក៏បាន ថ្លែងអរគុណដល់អាជ្ញាធរមូលដ្ឋានសម្រាប់កិច្ចសហការយ៉ាងល្អ និងក្រុមគ្រូពេទ្យទាំងអស់ ដែលបានបំពេញភារកិច្ចយ៉ាងមោះមុត ប្រកបដោយស្នាមញញឹម និងទំនួលខុសត្រូវខ្ពស់ ដោយមិនគិតពីការនឿយហត់ ដើម្បីលើកកម្ពស់សុខុមាលភាពបងប្អូនប្រជាពលរដ្ឋ។ ថែមទាំងអរគុណបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងពេលកន្លងមកបានចូលរួមចាក់វ៉ាក់សាំងគ្រប់ៗគ្នា ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីឈានទៅបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសយើង បានធ្វើឱ្យមានការបើកសេដ្ឋកិច្ចឡើងវិញ។

សូមជម្រាបថា ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តលោក ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បាននិងកំពុងចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៨៧១,៥៥១ដូស (ដប់មួយលានប៉ែតសិបប្រាំពីរម៉ឺនមួយពាន់ប្រាំរយហាសិបមួយ ដូស) ក្នុង ២៥ រាជធានី-ខេត្ត ដោយមានកិច្ចសហការជាមួយ សាខាសកម្មជនក្រុមការងាយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៥៦,៣៥៨,៧៥០ដុល្លារ (ប្រាំមួយរយហាសិបប្រាំមួយលានសាមសិបប្រាំម៉ឺនប្រាំបីពាន់ ប្រាំពីររយ ហាសិប ដុល្លារសហរដ្ឋអាមេរិក)៕