(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ព្រមទាំងមន្ត្រីរាជកា និងពុទ្ធបរិស័ទ បានអញ្ជើញជាចូលរួម ក្នុងពិធីបុណ្យឆ្លងសាលាបិណ្ឌក្នុងវត្តវេឡុការាម ហៅវត្តព្រែកឬស្សី ស្ថិតនៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។ សាលាបិណ្ឌនេះមានតម្លៃជិត១៧ម៉ឺនដុល្លារ ជាការឧបត្ថម្ភរបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត និងលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និងពុទ្ធបរិស័ទចំណុះជើងវត្ត។

លោក គង់ សោភ័ណ្ឌ បានថ្លែងអំណរព្រះគុណ និងអរគុណព្រះគុណម្ចាស់គ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស ដែលបានជួយឧបត្ថម្ភ គាំទ្រទាំងផ្នែកថវិកា ស្មារតី សម្ភារ ប្រកបដោយសទ្ធាជ្រះថ្លា ចាប់មគ្គផល បំពេញកុសល កសាងជាសម្បត្តិតម្កល់ទុកក្នុងវិស័យព្រះពុទ្ធសាសនា ជាឧត្តមប្រយោជន៍សម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទបានបំពេញកិច្ចប្រារព្ធពិធីបុណ្យទានគោរពបូជាជាទីសក្ការៈ។

លោកអភិបាលខេត្ត បានបន្តថា វិស័យអាណាចក្រ និងពុទ្ធចក្រ ជាចំណងទាក់ទងគ្នាមិនអាចកាត់ផ្ដាច់គ្នា បាននោះឡើយ ព្រោះថា ប្រសិនបើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងវិស័យអាណាចក្រមិនមានភាពរីកចម្រើន នោះវិស័យពុទ្ធចក្រ ក៏នឹងមិនអាចចម្រុងចម្រើនបានដែរ។

អភិបាលខេត្ត បានបញ្ជាក់ថា ជាឧទាហរណ៍ជាក់ស្តែង នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត គ្រប់សាសនានៅ ប្រទេសកម្ពុជា ត្រូវបានលុបបំបាត់ចោល។ ទីវត្តអារាមសក្ការៈបូជា បានប្រែក្លាយទៅ ជាទីកន្លែងបម្រើឱ្យ ការធ្វើសង្គ្រាម ឬជាទីកន្លែងសម្រាប់ទុកដាក់សាកសពតែប៉ុណ្ណោះ ប៉ុន្តែនៅក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ សាសនាទាំងអស់ត្រូវបានរស់រានដំណាលគ្នាឡើងវិញ និងចាប់ផ្តើមរីកចម្រើនដូចពេលបច្ចុប្បន្ន ជាមួយនឹង មោទនភាពរបស់ សង្គមខ្មែរ ដែលសាសនាទាំងអស់អាចរស់នៅដោយសុខដុមរមនាជាមួយគ្នា ដោយប្រជាពលរដ្ឋ មានសិទ្ធិសេរីភាពពេញលេញក្នុងការគោរពប្រណិប័តន៍សាសនាតាម ជំនឿរបស់ខ្លួន ដែលថាគ្រប់ សាសនាទាំងអស់ តែងអប់រំមនុស្សឱ្យប្រព្រឹត្តអំពើល្អ អប់រំផ្នែកសីលធម៌ និងគុណធម៌ដល់ប្រជាពលរដ្ឋឱ្យប្រព្រឹត្តនូវសេចក្តីល្អ ក្រោមការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃកម្ពុជា។

សូមបញ្ចាក់ថា សាលាបិណ្ឌវត្តវេឡុការាម ហៅវត្តព្រែកឫស្សី មានទទឹងប្រវែង ១១,៥ម៉ែត្រ បណ្តោយ២៥ម៉ែត្រ មានកំពស់១២ម៉ែត្រ សាងសង់ ដោយលើកខឿនផុតពីដី តាមរចនាបទបុរាណខ្មែរ៕