(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ក្រសួងរ៉ែ និងស្ថាប័នពាក់ព័ន្ធ បាននិងកំពុង ពិភាក្សាគ្នាក្នុងការលុបបំបាត់ការនាំចូលគ្រឿងអេឡិចត្រូនិក ដែលប្រើប្រាស់ថាមពលច្រើនហួសហេតុ (ស៊ីភ្លើងខ្លាំង) ចេញពីទីផ្សារកម្ពុជា។

ការលើកឡើងរបស់លោក កែវ រតនៈ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមក្នុងវេទិកាពិភាក្សាស្ដីពី «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» រៀបចំឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោករដ្ឋមន្រ្ដីបានថ្លែងថា ក្រសួងរ៉ែ និងថាមពល បាននិងកំពុងដាក់ចេញជាមួយដៃគូអភិវឌ្ឍន៍រួមមាន ធនាគារអភិវឌ្ឍអាស៊ី UNDP ជាមួយប្រទេសអូស្រ្ដាលី ក្នុងការជំរុញគោលនយោបាយប្រសិទ្ធភាពថាមពល ដើម្បីការពារបរិស្ថាន ដើម្បីបំពេញតាមការប្ដេជ្ញារបស់កម្ពុជា ក្នុងការប្រែប្រួលអាកាសធាតុលើពិភពលោក ដោយបានដាក់គោលដៅសន្សំថាមពល។

លោកបានបន្ដថា «ជាគោលដៅរបស់កម្ពុជា និងពិភពលោក ទន្ទឹមនឹងការប្ដេជ្ញាក្នុងការជំរុញអគ្គិសនីឲ្យបានគ្រប់គ្រាន់ តាមតម្រូវការរបស់ប្រទេសជាតិ យើងមានមុំមួយបន្ថែមទៀត គឺការអន្ដរាគមន៍ការសន្សំសំចៃថាមពល នាពេលខាងមុខនេះ ក្រសួងរ៉ែ នឹងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីកំណត់មិនឲ្យនាំចូលឧបករណ៍ណា ដែលប្រើប្រាស់ថាមពលច្រើនហួសហេតុ ជាក់ស្ដែងដូចជាម៉ាស៊ីនត្រជាក់ ឬទូទឹកកក ដែលប្រើប្រាស់ថាមពលច្រើន ត្រូវតែបញ្ចប់ពីទីផ្សារកម្ពុជា ដើម្បីសន្សំសំចៃថាមពល ក្នុងការឈានទៅសម្រេចគោលដៅ»

លោកបានបញ្ជាក់ថា គោលដៅពីឆ្នាំ២០២៣ ដល់ឆ្នាំ២០៣០ ត្រូវសន្សំឲ្យបានថាមពល ក្នុងកម្រិតប្រហាក់ប្រហែលជិត ២ពាន់ម៉េហ្គាវ៉ាត់ មានន័យថាពីពេលនេះដល់ឆ្នាំ២០២៣០ សង្ឃឹមថា ប្រសិនជាយើងសន្សំសំចៃថាមពលអគ្គិសនីទាំងអស់គ្នាបាន នោះពុំចាំបាច់ធ្វើរោងចក្រថ្មីដែលមានអនុភាពរហូតដល់ ២ពាន់មេហ្គាវ៉ាត ដើម្បីកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន ព្រោះថាពេលណាអភិវឌ្ឍន៍ គឺតែងតែប៉ះពាល់តិចតូច ដូច្នេះនៅពេលដែលកម្ពុជា អាចបំពេញតម្រូវការបាន ពុំចាំបាច់ទៅប៉ះពាល់បរិស្ថាន គឺជារឿងដ៏ល្អបំផុត។

លោកបានបញ្ជាក់ថា ផែនការរបស់រាជរដ្ឋាភិបាលពីឆ្នាំ២០២៣-២០៣០ ចង់បង្កើតចលនាដល់បងប្អូនប្រជាពលរដ្ឋ ឱ្យយល់ដឹង និងចូលរួមក្នុងការសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី៕