(ភ្នំពេញ)៖ យុវជន៤នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាលប៉ុស្តិ៍សំរោងក្រាម ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីប្រើហិង្សាមានស្ថានទង្ងន់ទោស ដោយប្រើកាំបិតបុ័ងតោកាប់យុវជនម្នាក់ បណ្តាលឲ្យរងរបួសហើយគេចខ្លួនបានតែ១ថ្ងៃ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់រួមមាន៖

*ទី១៖ ឈ្មោះ ភេន ផា អាយុ១៨ឆ្នាំ
*ទី២៖ ឈ្មោះ ហុង ន៉េង គ័ង អាយុ១៧ឆ្នាំ
*ទី៣៖ ឈ្មោះ គង់ ពិសិទ្ធ អាយុ១៣ឆ្នាំ
*ទី៤៖ ឈ្មោះ សាក់ សារ៉ាត់ អាយុ១៨ឆ្នាំ។

អ្នកទាំង៤នាក់ មានទីលំនៅភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះឈ្មោះ គង់ ឌី អាយុ២០ឆ្នាំ មានលំនៅភូមិគោកព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

នគរបាលខណ្ឌពោធិសែនជ័យ បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែវិឆ្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ ៥៖១៩នាទី ជនសង្ស័យមានបក្ខពួក ៤នាក់ ជិះម៉ូតូចំនួន១គ្រឿង ប្រដាប់ដោយកាំបិតប៉័ងតោ បានដេញកាប់ទៅលើយុវជនម្នាក់នៅក្នុងភូមិគោកព្រិច បណ្តាលឲ្យត្រូវ៣កាំបិតប៉័ងតោ រងរបួសធ្ងន់ហើយគេចខ្លួនបាត់។

បើតាមនគរបាល, បន្ទាប់ពីមានអំពើហិង្សាមានស្ថានទង្ងន់ទោសជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការប៉ុស្តិ៍ ហើយត្រូវបានកម្លាំងជំនាញប៉ុស្តិ៍ បានសហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាយ តាមរយៈកាំមេរ៉ាសុវត្ថិភាព និងដឹកជនរងគ្រោះស្វែងរកជនសង្ស័យ ក៏ប្រទះឃើញជនបង្កម្នាក់ឈ្មោះ ភេន ផា នៅក្នុងភូមិកិក្ខបញ្ញោ ឃាត់ខ្លួន និងឈានទៅឃាត់ខ្លួនបានបក្សពួក៣នាក់ទៀតទាំងអស៤នាក់ ព្រមទាំងដកហូត បានកាំបិតប៉័ងតោចំនួន២ដើម និងម៉ូតូ១គ្រឿងផងដែរ។

នគរបាលថា ការប្រើហិង្សាផ្តើមចេញពីជិះម៉ូតូឆាប និងជេរគ្នា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ លុះដល់ថ្ងៃកើតហេតុ ខណៈដែលជនរងគ្រោះជិះម៉ូតូ ទៅទិញទឹកកកក្នុងភូមិ ជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូដេញកាប់តែម្តង។ ជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានកម្លាំងនគរបាលបញ្ជូន ទៅកាន់អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់ តែជនសង្ស័យម្នាក់ជាអនីតិជនត្រូវបានព្រះរាជអាជ្ញាណែនាំឲ្យអប់រំ ហើយដោះលែងវិញ៕