(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឯកភាពក្នុងការចាត់ទុកតំបន់ព្រៃឡង់ ជាតំបន់ក្រហម ដោយមិនអនុញ្ញាតឱ្យចេញអាជ្ញាបណ្ណ ធ្វើអាជីវកម្មធនធានរ៉ែគ្រប់ប្រភេទបន្ថែមទៀតនោះទេ។

លោក កែវ រតនៈ គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងវេទិកាពិភាក្សាសារព័ត៌មាន លើប្រធានបទ «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅសណ្ឋាសុខាភ្នំពេញ។

លោកបានឱ្យដឹងថា កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកបានស្នើដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយស្នើសុំមិនពង្រីកអាជីវកម្មរ៉ែ និងការរុករករ៉ែ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ទៀតនោះទេ។ សម្តេចធិបតីបានឯកភាព ទី១. ចាត់ទុកតំបន់ព្រៃឡង់ជាតំបន់ក្រហម មិនចេញអាជ្ញាបណ្ណធនធានរ៉ែ គ្រប់ប្រភេទបន្ថែមទៀតនោះទេ លើកលែងតែក្រុមហ៊ុនចំនួន២ ដែលមានគោលការណ៍អនុញ្ញាតពីអាណត្តិមុនមករួចហើយ។
ទី២. ពិនិត្យលទ្ធភាពកាត់បន្ថយថ្លៃផ្ទៃដីដែលសិក្សារួច និងមិនមានសក្តានុពល សម្រាប់ធ្វើអាជីវកម្មធនធានរ៉ែ​ ពោល គឺក្រសួងនឹងពិនិត្យលទ្ធភាព កាត់បន្ថយផ្ទៃដីដែលសិក្សា​ ​ដែលជាដី​គ្មានសក្តានុពល ឬមានសក្តានុពលតិចតួច ​យកត្រឡប់មក។ ទី៣. មិនអនុញ្ញាតឱ្យមានការពង្រីកផ្ទៃដីអាជ្ញាបណ្ណបន្ថែមទៀតនោះទេ សម្រាប់អាជ្ញាបណ្ណដែលមានស្រាប់ ។

លោកបានលើកឡើងយ៉ាងដូច្នេះថា «សូមយកឱកាសនេះប្រកាសជូន បងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានទាំងអស់ ក្រសួងរ៉ែ​ និងថាមពល កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានស្នើសុំទៅសម្តេចធិបតី នាយករដ្ឋមន្រ្តី សុំមិនពង្រីកអាជីវកម្មរ៉ែ និងការរុករករ៉ែ នៅក្នុងតំបន់ ដែនជម្រកសត្វព្រៃឡង់ទៀតនោះទេ ។ សម្តេចធិបតីផ្នែកទៅលើសំណើរបស់ក្រសួង ចុះនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកបានឯកភាពនៅថ្ងៃទី២ គឺនៅថ្ងៃដដែល ដែលបង្ហាញឱ្យឃើញនូវឆន្ទៈ របស់សម្តេចធិបតី​ចំពោះតំបន់ព្រៃឡង់»

តំបន់ព្រៃឡង់ គឺជាព្រៃដ៏ធំមួយនៅកម្ពុជា ដែលមានផ្ទៃដី ៤៣១ ៦៨៣ ហិចតា ​គ្របដណ្ដប់លើខេត្តចំនួន៤ គឺ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

បើតាមរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បច្ចុប្បន្ននេះ មានក្រុមហ៊ុនទាំងក្នុងនិងក្រៅស្រុក ចំនួន១៣ក្រុមហ៊ុន​ កំពុងសិក្សារុករករ៉ែនៅក្នុងតំបន់នេះ ​ចាប់ពីឆ្នាំ២០០៨មកដល់បច្ចុប្បន្ននេះ ក្នុងនោះមាន​៣ក្រុមហ៊ុន នៅខេត្តកំពង់ធំដែលទទួលបានអាជ្ញាបណ្ណស្វែងរុករក និង​អាជ្ញាបណ្ណធ្វើអាជីវកម្មរ៉ែមាស១, នៅខេត្តក្រ​ចេះ មានអាជ្ញាបណ្ណចំនួន៧, ខេត្ត​ព្រះវិហារ មានអាជ្ញាបណ្ណស្វែងរុករកចំនួនពីរ និងខេត្តស្ទឹងត្រែង មានអាជ្ញាបណ្ណស្វែងរុករកចំនួន១៕