(ហាណូយ)៖ ពីឡុតពីររូប ដែលម្នាក់ជាជនជាតិហ្វីលីពីន និងម្នាក់ទៀតជាជនជាតិអាមេរិក ត្រូវបានចាប់ខ្លួននៅ ព្រលានយន្តហោះអន្តរជាតិ Noi Bai ភាគខាងជើងប្រទេសវៀតណាម បន្ទាប់ពីត្រូវបានឆែកឆេរ និងរកឃើញថា ពួកគេទាំងពីរនាក់នេះ បានលួចលាក់ប្រុងដឹកជញ្ជូនគ្រឿងញៀន (narcotics) តាមជើងហោះហើរទៅបរទេស។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី១៩ ខែសីហា។
ព័ត៌មានជាបឋមបានឲ្យដឹងថា ពីឡុតទាំងពីរនាក់ខាងលើនេះ ត្រូវបានចាប់ខ្លួនកាលពីម៉ោង ២៣៖០៥នាទីយប់ថ្ងៃ ព្រហស្បតិ៍ នៅពេលដែលធ្វើការឆែកឆេរឥវ៉ាន់របស់អ្នកដំណើរនានា។ សន្តិសុខព្រលានយន្តហោះ បានដាក់ការ សង្ស័យទៅលើកាបូបយួរដៃរបស់ពីឡុតឈ្មោះ Elmer Ederadan Sorrea ជនជាតិហ្វីលីពីនវ័យ ៤៥ឆ្នាំ និង ម្នាក់ទៀតឈ្មោះ Francis Dennis Abellera Yutangco វ័យ ៥៣ឆ្នាំ ជនជាតិអាមេរិក ថាអាចមានលាក់អ្វីមួយដែល ខុសច្បាប់ ទើបសម្រេចធ្វើការឃាត់ និងឆែកឆេរតែម្តង។
អ្នកទាំងពីរដែលត្រូវបានចាប់ខ្លួននោះ បានអះអាងថាពួកគេជាពីឡុតរបស់ក្រុមហ៊ុនអាកាសចរណ៍ VietJet Air ហើយពួកគេកាលណោះ បានត្រៀមរៀបចំចេញដំណើរទៅទីក្រុងម៉ានីល។ ជនទាំងពីររូបនេះមានលាក់នូវម្សៅស ដែលមានទម្ងន់ ៥០០ក្រាម ហើយក្រោយពីការពិនិត្យនោះ វាមានផ្ទុកសារធាតុ Morphine, Codeine និង Heroin។ បច្ចុប្បន្ន ពួកគេត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធីច្បាប់វៀតណាមហើយ៕