(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីនៃក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានបញ្ចេញទឹកប្រាក់ចំនួន ១៣០លានដុល្លារ ដើម្បីទប់ខាតក្នុងការបញ្ចុះតម្លៃអគ្គិសនី លើវិស័យមួយចំនួននៅកម្ពុជា។

ការលើកឡើងរបស់លោក កែវ រតនៈ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម ក្នុងវេទិកាពិភាក្សាស្ដីពី «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» រៀបចំឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក កែវ រតនៈ បានបញ្ជាក់ថា «ឆ្នាំនេះអគ្គិសនីកម្ពុជា បានត្រៀមទឹកប្រាក់ឧបត្ថម្ភធនចំនួន ១៣០លានដុល្លារ ដើម្បីជួយទប់នៃការបញ្ចុះតម្លៃ ដល់វិស័យមួយចំនួន»

លោក កែវ រតនៈ​ បានថ្លែងឲ្យដឹងថា បច្ចុប្បន្ននេះយើងបានប្រកាស និងអនុវត្តន៍រួចរាល់ហើយ គឺការចុះថ្លៃពិសេសដល់វិស័យកសិកម្ម ចំពោះការបូមទឹក ដោយអត្រាត្រឹមតែ ៤៨០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង កាបូមទឹកនេះសំដៅកាបូមក្នុងពេលយប់ ចន្លោះម៉ោង ៩យប់ដល់ម៉ោង៧ព្រឹក​ ក្រៅពីនោះក៏បានផ្ដល់អត្រាពិសេស មួយដល់ផ្នែកកែច្នៃ ការចិញ្ចឹមសត្វក្នុងកសិកម្ម ឲ្យតែធាតុចូលកសិកម្មមកកែច្នៃ គឺរដ្ឋផ្ដល់ជូន។

លោករដ្ឋមន្រ្ដីបានបន្ដថា ក្រៅពីនោះបានផ្ដល់ជូនដល់ផ្នែកឧស្សាហកម្ម ប៉ុន្ដែចំពោះផ្នែកឧស្សាហកម្ម មានលក្ខខណៈពិសេស ផ្ដល់ជូន ៣ខែ ចាប់ពីខែតុលា វិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៣ ដោយបានអនុវត្តន៍បញ្ចុះនូវអត្រាចំនួន ២ប្រភេទ៖ ប្រភេទទី១ ការផ្ដល់ជូនអត្រា១០ភាគរយ ផ្ដល់ដល់ការប្រើលើសមធ្យមភាគ ៦ខែ របស់ឧស្សាហកម្ម មានន័យថា ៦ខែមុនប្រើប្រាស់អគ្គិសនីអស់ ១០០គីឡូវ៉ាត់ម៉ោង ប៉ុន្ដែបន្ទាប់ទៅបានខិតខំប្រឹងប្រែងផលិត ពង្រីកអាជីវកម្ម ដោយបានប្រើប្រាសថាមពលអគ្គិសនីដល់ ២០០គីឡូវ៉ាតម៉ោងដែលកំណត់ នោះនឹងទទួលបានការបញ្ចុះតម្លៃ ១០ភាគរយ។

ប្រភេទទី២ ការបញ្ចុះតម្លៃនេះក៏បានផ្ដល់ជូន ដល់អ្នកដែលខំពង្រីកអាជីវកម្ម នាពេលយប់បន្ថែមផងដែរ ដោយផ្ដល់ការបញ្ចុះតម្លៃរហូតដល់ ២០ភាគរយ។

លោកបានបន្ដទៀតថា ចំណែកយន្ដការទី៣ គឺការជួយដល់ផ្នែកទេសចរណ៍ ដោយបានបញ្ចុះតម្លៃភ្លើង ៣ខែបន្ថែមទៀត ពោលចាប់ពីខែធ្នូ ឆ្នាំ២០២៣ ខែមករា និងខែកុម្ភៈ ឆ្នាំ២០២៤ បញ្ចុះតម្លៃអគ្គិសនី ១៥ភាគរយនៅទូទាំងប្រទេស ក្នុងនោះផ្ដោតលើផ្ទះសំណាក់, ភោគជនីយដ្ឋានធំៗ សណ្ឋាគារ និងរមនីយដ្ឋានធំៗ ដែលបម្រើសេវាកម្មទេសចរ។

លោក កែវ រតនៈ​ បានបន្ថែមថា «ឆ្លើយតបនឹងសំណួរថា ហេតុអ្វីបានជាយើងមិនផ្ដល់ជូន ការបញ្ចុះតម្លៃបែបនេះជារៀងរហូត ចម្លើយ គឺយើងពុំមានលទ្ធភាព ព្រោះប្រសិនបើយើងធ្វើលើសពីនេះនឹងរលំទាំងអស់គ្នាជាពុំខាន ប៉ុន្ដែការបញ្ចុះតម្លៃនេះ គឺធ្វើឡើងតាមដំណាក់កាលនីមួយៗ ដែលទាំងនេះបានរុញឲ្យយើងដើរទៅមុខដោយរលូន»