(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបញ្ជាក់ឲ្យដឹងថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងនាំចេញថាមពលស្អាត លក់ឲ្យប្រទេសសិង្ហបុរី ព្រោះថា បច្ចុប្បន្នអគ្គិសនីកម្ពុជា លែងជួបនូវការខ្វះខាតហើយ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល រដ្ឋមន្ដ្រី កែវ រតនៈ អញ្ជើញចូលរួមក្នុងវេទិកាពិភាក្សា ស្ដីពី «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការនាំចេញថាមពលស្អាត លក់ឲ្យប្រទេសសិង្ហបុរី ប្រសិនបើមានការបញ្ជាទិញ ដូចសម្លៀកបំពាក់ ព្រោះថាបច្ចុប្បន្នអគ្គិសនីកម្ពុជា លែងជួបនូវការខ្វះខាតហើយ សំខាន់ឲ្យតែមានខ្សែបណ្តាញតភ្ជាប់ ខណៈការទិញថាមពលអគ្គិសនី ពីប្រទេសជិតខាង ក៏នៅសល់តិចតួចប៉ុណ្ណោះ»

ទន្ទឹមគ្នានេះ លោក កែវ រតនៈ បានបញ្ជាក់ថា ប្រទេសសិង្ហបុរី គឺជាប្រទេសមួយ ដែលកំពុងតែផលិតអគ្គិសនី ចេញពីឧស្ម័ន ដល់ទៅ៩៥ភាគរយ ដូច្នេះហើយថ្លៃអគ្គិសនីសិង្ហបុរី ថ្លៃជាងកម្ពុជា។

លោក កែវ រតនៈ បានឲ្យដឹងថា សិង្ហបុរីបានជជែកជាមួយកម្ពុជា ដើម្បីបបួលកម្ពុជា ធ្វើកិច្ចការតភ្ជាប់ខ្សែ តាមក្រោមបាតសមុទ្រ ពីសិង្ហបុរីមកកម្ពុជា កាត់តាមប្រទេសម៉ាឡេស៊ី, កាត់តាមប្រទេសវៀតណាម ភ្ជាប់ជាមួយកម្ពុជា និងភ្ជាប់ជាមួយឡាវ ដើម្បីចង់បានថាមពលពីកម្ពុជា យកទៅផ្គត់ផ្គង់នៅសិង្ហបុរី។

បើតាមលោករដ្ឋមន្ត្រី ការដែលកម្ពុជា យល់ព្រមផ្គត់ផ្គង់អគ្គិសនីស្អាតឱ្យសិង្ហបុរី ក៏ចង់បង្ហាញថាកម្ពុជាមានបេះដូងទូលាយ ក្នុងការចែករំលែកនូវថាមពលស្អាតដល់ប្រទេសក្នុងតំបន់ផងដែរ។

សូមជម្រាបថា កម្ពុជាមានលទ្ធភាពផលិតថាមពល នៅក្នុងស្រុកបាន ៣៤៦៤ មេហ្កាវ៉ាត់ ដែលផលិតចេញពីថាមពលពន្លឺព្រះអាទិត្យ វារីអគ្គិសនី ជីវម៉ាស ធ្យូងថ្ម និងប្រេង ក្នុងនោះអគ្គិសនីបានពីថាមពលស្អាតមានប្រមាណ ៦០ភាគរយ។ សម្រាប់តម្រូវការប្រើប្រាស់អគ្គិសនីខ្ពស់បំផុតបច្ចុប្បន្ននេះ ត្រឹមតែប្រមាណ ២៤០០មេហ្កាវ៉ាត់ប៉ុណ្ណោះ មានន័យថា កម្ពុជាមានសមត្ថភាពផលិតថាមពលបានច្រើនលើស ពីតម្រូវការប្រើប្រាស់ ដូច្នេះយើងពុំមានបញ្ហាខ្វះអគ្គិសនីនោះទេ។

គិតត្រឹមចុងឆ្នាំ២០២២ មានភូមិចំនួន ១៣,៩២៣ ស្មើនឹង៩៨.២៧ភាគរយ បានតខ្សែបណ្តាញអគ្គិសនីពីបណ្តាញជាតិ សម្រាប់ប្រើប្រាស់រួចហើយ ខណៈនៅសល់ភូមិតែ ២៤៥ប៉ុណ្ណោះ ស្មើនឹង ១.៧៣ភាគរយ មិនទាន់តខ្សែបណ្តាញអគ្គិសនីពីបណ្តាញជាតិ ដោយសារតែភូមិទាំងនោះ នៅក្នុងតំបន់ព្រៃភ្នំដាច់ស្រាយាល នៅរាយប៉ាយ ហើយភូមិខ្លះនៅផ្ទៃទឹក តំបន់កោះ ឬភូមិខ្លះទើបនឹងបង្កើតថ្មី ដែលគ្មានផ្លូវធ្វើដំណើរជាដើម។ ប៉ុន្តែបើទោះបីជា ភូមិទាំង ២៤៥ នោះ មិនទាន់ទទួលបានប្រភពអគ្គិសនីពីបណ្តាញជាតិក្តី ក៏ភូមិមួយចំនួនបានទទួលការផ្គត់ផ្គង់អគ្គិសនី ពីប្រភពថាមពលពន្លឺព្រះអាទិត្យរួចហើយ៕