(ស្វាយរៀង)៖ នៅថ្ងៃទី២១​ ខែវិច្ឆិកា​ ឆ្នាំ២០២៣ លោក សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និង​​លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង ​តំណាងលោក ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត បានអញ្ជើញដឹកនាំវគ្គបណ្ដុះបណ្ដាលស្ដីពីការអនុវត្តនីតិវិធីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តស្វាយរៀង​ ព្រមទាំងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធផងដែរ។

លោកអភិបាលរងខេត្តបានថ្លែងថា អនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិ បាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា មានបេសកម្មចំបងចំនួន២គឺ៖

*ទី១៖ ថែរក្សា និងបំប៉នសុខសន្តិភាពដែលសម្រេចបានមកដោយលំបាកមិនអាចកាត់ថ្លៃបាន និងបន្តពូនជ្រុំដំណើរការកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាមូលដ្ឋាន
*ទី២៖ កសាង និងពង្រឹងមូលដ្ឋានគ្រឹះសំរាប់ជំរុញសន្ទុះ នៃការអភិវឌ្ឍប្រទេសជាតិដោយឆ្លងកាត់ការប្រែក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកំរិកខ្ពស់នៅឆ្នាំ២០៣០។ 

លោកបន្តថា​ ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅខេត្តស្វាយរៀង ជាបញ្ហាអត្ថិភាពសំខាន់ដែលតម្រូវឲ្យមន្ទីររៀបចំដែនដី ខិតខំពន្លឿនការចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋ រួមទាំងក្បាលដីរដ្ឋទាំងអស់ ឲ្យរួចរាល់ភាគរយ ក្នុងរយៈពេល២ឆ្នាំខាងមុខ ដែលធានាបាននូវសុវត្ថិភាពដីធ្លីជូនប្រជាពលរដ្ឋ និងកាត់បន្ថយវិវាទដីធ្លីមកនៅត្រឹមកំរិតអប្បរមា និងជំរុញការផ្តល់សេវាផ្សេងៗពាក់ព័ន្ធ និងវិស័យដីធ្លីឲ្យបានលឿន និងឆាប់រហ័យ។

លោកបន្ថែមថា​ ក្នុងនាមអភិបាលខេត្ត សូមផ្តាំផ្ញើសិក្ខាកាមទាំងអស់មានមន្រ្តីក្របខ័ណ្ឌ មន្រ្តីកិច្ចសន្យានិងមន្រ្តីស្ម័គ្រចិត្តដែលមានវត្តមាននៅទីនេះត្រូវយកចិត្តទុកដាក់អនុវត្តនីតិវិធីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងអនុវត្តដូចខាងក្រោម៖

*ទី១៖ យកចិត្តទុកដាក់តាមដានរាល់ការណែនាំរបស់គ្រូឧទ្ទេសដើម្បីយកចំណេះជំនាញទៅអនុវត្តឲ្យមានប្រសិទ្ធភាព។
*ទី២៖ ក្រុមការងារចុះបញ្ជីទាំងអស់ក្រោយទទួលបានការបណ្តុះបណ្តាលត្រូវខិតខំពង្រឹងពន្លឿនការចុះបញ្ជីដីជូនប្រជាពលរដ្ឋអោយបានលឿនរហ័ស និងទាន់ចិត្ត។
*ទី៣៖ មន្ទីររៀបចំដែនដី ការិយាល័យភូមិបាលក្រុង/ស្រុក អាជ្ញាធរដែនដី ឃុំ ស្រុក ត្រូវផ្សព្វផ្សាយការងារយុទ្ធនាការ ចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយ ដើម្បីឲ្យពួកគាតយល់ដឹងអំពីសារសំខាន់ នៃការចុះបញ្ជីដីធ្លី៕