(ភ្នំពេញ)៖ សាលាភូមិន្ទរដ្ឋបាល ក្រសួងព័ត៌មាន និងសាលាជាតិគយ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា លើការបង្កើតកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការគាំទ្រ ពីគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាព ការសិក្សាអប់រំ ការបណ្ដុះបណ្តាល ការស្រាវជ្រាវ និងគម្រោងកម្មវិធីផ្សេងៗដោយ ផ្អែកលើគោលការណ៍ពិគ្រោះយោបល់ ឯកភាព សមភាព យុត្តិធម៌ និងផ្តល់អត្ថប្រយោជន៍ដល់គូភាគីទៅវិញទៅមក។

ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នានេះបានធ្វើឡើងនៅសាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលា ភូមិន្ទរដ្ឋបាល, លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រួមទាំងមានការចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំនៃក្រសួងព័ត៌មាន និងសាលាជាតិគយ និងលោក លោកស្រី ថ្នាក់ដឹកនាំសាលាភូមិន្ទរដ្ឋបាល និងក្រសួងមុខងារសាធារណៈជាច្រើនរូបទៀត។

ថ្លែងនាឱកាសនោះលោក ហ៊ុន ម៉ានី បានឱ្យដឹងថា ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះមានគោលបំណងសំខាន់ គឺផ្តោតលើការបង្កើតកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការគាំទ្រពីគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាព ការសិក្សាអប់រំ ការបណ្តុះបណ្តាល ការស្រាវជ្រាវ និងគម្រោងកម្មវិធីផ្សេងៗដោយផ្អែកលើគោលការណ៍ពិគ្រោះយោបល់ ឯកភាព សមភាព យុត្តិធម៌ និងផ្ដល់អត្ថប្រយោជន៍ ដល់គូភាគីទៅវិញទៅមក។

លោក ហ៊ុន ម៉ានី បានឱ្យដឹងទៀតថា ក្នុងស្មារតីនៃការកែទម្រង់រាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងបានដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ គឺការបន្តកែទម្រង់ស្ថាប័ន និងអភិបាលកិច្ចឱ្យសម្រេចបាននូវរដ្ឋបាលសាធារណៈមួយ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ហើយបំពេញការងារក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ។ ក្នុងន័យនេះរាជរដ្ឋាភិបាល បានផ្តោតសំខាន់ទៅលើការបន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ដើម្បីគាំទ្រដល់ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។

លោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ទៀតថា នៅក្នុងបរិការនៃសកលភាវូបនីយកម្ម ការប្រកួតប្រជែងក៏ដូចជាការឆ្លើយតបទៅនឹងវិបត្តិ និងបញ្ហាប្រឈមជាអន្តរជាតិនានា គឺតម្រូវផងដែរឱ្យមានការលើកកម្ពស់ ប្រសិទ្ធភាពការងារ និងបង្កើនសមត្ថភាពរដ្ឋបាលសាធារណៈឱ្យកាន់តែមានសមត្ថភាព និងគុណផលគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងបរិការខាងលើបានទាន់ពេលវេលា។ ការពង្រឹងនិងការកែលម្អសមត្ថភាពរដ្ឋបាលសាធារណៈ ដែលសំដៅប្រែក្លាយធនធានមនុស្សនៅក្នុងវិស័យសាធារណៈឱ្យកាន់តែមានសមត្ថភាព មានវិជ្ជាជីវៈច្បាស់លាស់ និងមានប្រសិទ្ធភាពក្នុងការបំពេញការងារ គឺជាកិច្ចការគន្លឹះ និងមានសារៈសំខាន់បំផុតដែលត្រូវយកចិត្តទុកដាក់។

ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា បានឱ្យដឹងដែរថា កិច្ចសហការនេះគឺជាកាតាលីករដ៏សំខាន់ក្នុងការបន្តជំរុញ និងលើកកម្ពស់នូវការកសាងសមត្ថភាព និងអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងព័ត៌មាន នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីពង្រឹងសមត្ថភាពជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ដែលមានលក្ខណៈបុរេសកម្ម អន្តរសកម្ម ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីគ្រប់គ្រងលំហព័ត៌មាន និងចូលរួមសហការធានាបាននូវសន្តិសុខព័ត៌មាន ពោលគឺទី១៖ ពលរដ្ឋទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ទី២៖ គុណភាពព័ត៌មាន និងទី៣៖ សុវត្ថិភាពព័ត៌មាន។

លោក នេត្រ ភក្ត្រា បានបន្តថា ក្នុងទិសដៅចំពោះមុខ ក្រសួងព័ត៌មានបានបន្តកសាងនិងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីបច្ចេកទេសនិងការ បង្កើនប្រសិទ្ធភាពការងាររដ្ឋបាល តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស និងអភិវឌ្ឍមូលធនមនុស្សស្របតាមការរីកចម្រើនផ្នែកបច្ចេកវិទ្យានិងការវិវត្តរបស់សង្គមជាតិ និងអភិវឌ្ឍសមត្ថភាពមន្ត្រីលើការងារ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍លើកទឹកចិត្ត ជំរុញ និងបង្កលក្ខណៈឱ្យមន្ត្រីធ្វើការអភិវឌ្ឍសមត្ថភាពតាមគ្រប់រូបភាព និងឈរលើមូលដ្ឋានគ្រឹះនៃសមធម៍ក្នុងការងារ។ ជាមួយគ្នានេះដែរក្រសួងព័ត៌មានបានប្រកាន់គោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព ក្នុងការជ្រើសរើសមន្ត្រី និងគោលការណ៍មានសមត្ថភាពត្រូវបានលើកទឹកចិត្ត។

នាឱកាសនោះដែរលោកបណ្ឌិត គុណ ញឹម បានឱ្យដឹងដែរថា ការចុះអនុស្សរណៈយោគយល់គ្នានោះពេលនេះគឺជាវឌ្ឍនភាព និងការបោះជំហានមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលក្នុងនោះសាលាជាតិគយ ក៏មានបេសកម្មក្នុងការបណ្តុះបណ្តាលធន់ធានមនុស្ស ពង្រឹងសមត្ថភាពមន្ត្រី និងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិផងដែរ។ តាមរយៈអនុស្សរណៈនេះសាលាជាតិគយ នឹងបានក្លាយជាដៃគូនិងភាគីមួយក្នុងចំណោមស្ថាប័នជាច្រើន ដែលជាដៃគូរវបស់សាលាភូមិន្ទរដ្ឋបាល ដែលជាសាលាមួយដែលមានវ័យចំណាស់ ពោរពេញទៅដោយបទពិសោធន៍ និងការកសាងធនធានមនុស្សនៅក្នុងវិស័យសាធារណៈផងដែរ។

គួរបញ្ជាក់ដែរថា សាលាភូមិន្ទរដ្ឋបាលធ្លាប់មានដៃគូជាតិ និងអន្តរជាតិជាច្រើន ដោយក្នុងនោះដៃគូជាតិមានដូចជា៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន , សាលាជាតិរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃ, IDP Education (Cambodia), សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, វិទ្យាស្ថានជាតិប្រៃសណីយ៍ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន, វិទ្យាសា្ថនជាតិការទូត និងទំនាក់ទំនងអន្ដរជាតិ, សាកលវិទ្យាល័យក្រចេះ, ក្រសួងទេសចរណ៍, និងក្រសួងបរិស្ថាន ជាដើម។

ចំណែកដៃគូអន្តរជាតិ មានដូចជា៖ អង្គការសហព័ន្ធស្រ្តីដើម្បីសន្តិភាពសកលលោក(Women's Federation For World Peace) វិទ្យាស្ថានមុខងារសាធារណៈនៃប្រទេសសឹង្ហបុរី(CSC),
វិទ្យាស្ថានជាតិអភិវឌ្ឍន៍ធនធានមនុស្សនៃប្រទេសកូរ៉េ(NHI), វិទ្យាស្ថានជាតិសិក្សាគោលនយោបាយនៃប្រទេសជប៉ុន(GRIPS), សាលាជាតិរដ្ឋបាលប្រទេសបារាំង(ENA), វិទ្យាស្ថានជាតិអភិវឌ្ឍន៍រដ្ឋបាលប្រទេសថៃ(NIDA), ធនាគារពិភពលោក(WB), កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP), ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA), ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA), ទីភ្នាក់ងារសហប្រតិបត្តិការអាលឺម៉ង់(GIZ), អង្គការអន្តរជាតិនៃបណ្តាប្រទេសនិយាយភាសាបារាំង(OIF), និងទីភ្នាក់ងារសាកលវិទ្យាល័យនៃបណ្តាប្រទេសនិយាយភាសាបារាំង (AUF) ជាដើម៕