(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថាមកទល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ មានយុវជនប្រមាណ១៦០៨ នាក់ បានមកចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅទូទាំងប្រទេស ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតចំនួន១៨ ១០៨ នាក់មកពីបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថាក្នុងចំណោម១៦០៨ នាក់ដែលបានចុះឈ្មោះ ក្នុងនោះមានរាជធានីភ្នំពេញ បាត់តំបង សៀមរាប និងបណ្តាខេត្តមួយចំនួនទៀត ។

លោក បន្ថែមថា យុវជនដែលមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យដែលបានចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន២៨០០០០រៀលក្នុងមួយខែ ហើយរៀនដោយពុំបង់ថ្លៃនោះទេ ។

លោកលើកឡើងថាដើម្បីជំរុញដល់យុវជនឱ្យមកចុះឈ្មោះចូលរៀនបន្ថែមទៀត ក្រសួងការងារ នឹងសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលគ្រប់ក្រុង ស្រុក ខណ្ឌ សង្កាត់ ដើម្បីជួបផ្ទាល់ជាមួយបងប្អូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីពន្យល់អំពីអត្ថប្រយោជន៍នៃកម្មវិធីនេះទៅពួកគេ ។

លោកបញ្ជាក់ថា៖ «ដើម្បីឱ្យការបណ្តុះបណ្តាលនេះជោគជ័យក្រសួងការងារកំពុងតែខិតខំសម្រេចឱ្យបាននូវបាវចនារបស់សម្តេចធិបតីគឺ រៀនឱ្យចប់ រៀនឱ្យចេះ រៀនឱ្យមានការងារធ្វើ» ។

លើសពីនេះទៅទៀត លោករដ្ឋមន្រ្តីបញ្ជាក់ថា ក្រសួងការងារបាននឹងកំពុងធ្វើកិច្ចសហការជាមួយវិស័យឯកជនធ្វើយ៉ាងណាអាចឱ្យវិស័យឯកជនទាំងនោះទទួលយកសិស្សដែលបានរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះឱ្យចូលហាត់ការបាន ។

ការលើកឡើងនេះបន្ទាប់ពីថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសឱ្យអនុវត្តជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ៕