(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបញ្ជាក់ឲ្យដឹងថា កម្ពុជា នៅតែប្រកាន់គោលនយោបាយ មិនធ្វើការនាំចេញថ្មសំណង ទៅក្រៅប្រទេសជាដាច់ខាត ដោយទុកថ្មសំណង់ទាំងនោះ បម្រើដល់ការអភិវឌ្ឍជាតិ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល រដ្ឋមន្ដ្រី កែវ រតនៈ អញ្ជើញចូលរួមក្នុងវេទិកាពិភាក្សា ស្ដីពី «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

រដ្ឋមន្ដ្រី កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «បើពិនិត្យមើលលើស្ថានភាពបច្ចុប្បន្ន ឃើញថា ការផ្គត់ផ្គង់ថ្មសំណង់នៅកម្ពុជា មិនខ្វះទេ [...] កម្ពុជាតាំងពីសម្តេចតេជោ ហ៊ុន សែន រហូតដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅតែប្រកាន់គោលនយោបាយមួយ ដោយមិននាំរ៉ែថ្មសំណង់ ទៅកាន់ក្រៅប្រទេស ជាដាច់ខាត»

លោករដ្ឋមន្ដ្រីបានឲ្យដឹងផងដែរថា ការធ្វើបែបនេះ ដើម្បីទុកថ្មសំណង បម្រើការអភិវឌ្ឍ ទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈរបស់ជាតិ ទាំងជីវភាពប្រជាជន ព្រមទាំងការសង់ផ្សេងមិនឲ្យខ្វះ សម្រាប់ពេលនេះ និងអនាគត។

បើតាមការបញ្ជាក់របស់ រដ្ឋមន្ដ្រី កែវ រតនៈ បានឲ្យដឹងថា គិតមកដល់នាពេលបច្ចុប្បន្ននេះ ក្រសួងបានចេញអាជ្ញាបណ្ណរ៉ែថ្ម ចំនួនសរុប៦៩ ខណៈពីមុនមានចំនួន ១៥១អាជ្ញាបណ្ណ ដោយសារស្ថានភាព សេដ្ឋកិច្ចធ្លាក់ចុះ ធ្វើឲ្យវិស័យសំណងចាប់ផ្ដើមយឺត។

សូមរំលឹកផងដែរថា រដ្ឋមន្ដ្រី កែវ រតនៈ នាពេលថ្មីៗនេះក៏​បានដាក់ចេញនូវគោលការណ៍ ដោយបញ្ឈប់ការចេញអាជ្ញាបណ្ណវាយថ្ម ចាប់ពីពេលនេះតទៅព្រោះចង់អភិរក្ស និងមិនចង់ឃើញភ្នំទាំងអស់ នៅក្នុងប្រទេសកម្ពុជា មានការរិចរិល។

រដ្ឋមន្ដ្រី កែវ រតនៈ បានលើកឡើងថា លោកមិនចង់ឃើញភ្នំទាំងអស់កញ្ឆតទាំងអស់នោះទេ ព្រោះថា ភ្នំខ្លះមានតម្លៃប្រវិត្ដសាស្ដ្រ, ភ្នំខ្លះ មានតម្លៃវប្បធម៌, ភ្នំខ្លះ មានតម្លៃអេកូទេសចរណ៍ ឬមួយក៏ការលម្អ។

រដ្ឋមន្ដ្រី កែវ រតនៈ បានបញ្ហាឲ្យអគ្គនាយកដ្ឋានធនធានរ៉ែ ធ្វើកិច្ចការជាមួយមន្ទីររ៉ែ និងថាមពល គ្រប់រាជធានី-ខេត្ដ ហើយអាចឈានទៅពិគ្រោះយោបល់ ជាមួយមន្ទីរវប្បធម៌ និងទេសចរណ៍ ដើម្បីថែរក្សាភ្នំទាំងនោះថែមទៀតផង៕