(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងបញ្ជាក់ថា ជិត៩០ថ្ងៃនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តេចបានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ បំពេញតាមការសន្យាជាមួយបងប្អូនប្រជាពលរដ្ឋ នៅមុនការបោះឆ្នោត។

លោករដ្ឋមន្ត្រីបញ្ជាក់ថា សម្រាប់វិស័យថាមពលរដ្ឋ រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ មិនត្រឹមតែបំពេញដូចតាមការសន្យា មិនដំឡើងថ្លៃអគ្គិសនីប៉ុណ្ណោះទេ ថែមទាំងធ្វើលើសពីការសន្យាដោយមានការបញ្ចុះថ្លៃអគ្គិសនី សម្រាប់វិស័យអាទិភាពមួយចំនួន ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចជាតិ។

ការលើកឡើងរបស់លោករដ្ឋមន្ត្រីថាមពល ធ្វើឡើងក្នុងវេទិកាពិភាក្សាសារព័ត៌មាន លើប្រធានបទ «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅសណ្ឋាសុខាភ្នំពេញ។

លោករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «ជិត៩០ថ្ងៃបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឡើងចូលកាន់តំណែង ៩០ថ្ងៃនេះ រដ្ឋាភិបាលអាណត្តិថ្មីនេះ បានបំពេញតាមការសន្យាមុនការបោះឆ្នោត នៅតែប្រកាន់ជំហរមិនដំឡើងថ្លៃអគ្គិសនី ហើយមិនត្រឹមតែមិនដំឡើងទេ កំពុងតែចុះថ្លៃឱ្យវិស័យគន្លឹះរបស់ជាតិដូចជា វិស័យឧស្សាហកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ ដូច្នេះប្រជាពលរដ្ឋលោកអាចដឹងថា បន្ទាប់ពីចូលកាន់តំណែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកបានប្រឹងទាំងយប់ទាំងថ្ងៃ ដើម្បីបំពេញតាមការសន្យា ហើយមែនទែនបានធ្វើលើសថែមទៀត ព្រោះការសន្យាថាទប់ឱ្យនឹង ប៉ុន្តែមិនត្រឹមទប់ឱ្យនឹងទេ ថែមទាំងមានការបញ្ចុះថ្លៃជាបន្តបន្ទាប់ ក្នុងស្ថានភាពមួយដែលពិបាក។ តម្លៃថាមពលកំពុងតែកើននៅទូទាំងពិភពលោក ប៉ុន្តែជាការប្តេជ្ញារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការរក្សាតម្លៃអគ្គិសនីឱ្យនៅថ្លៃដដែល និងបន្តចុះដើម្បីជួយដល់សេដ្ឋកិច្ច»

លោក កែវ រតនៈ បានបញ្ជាក់ទៀតថា ការងារអាទិភាពធំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ សង្គ្រាមរុស្ស៉ី-អ៊ុយក្រែន និងបញ្ហាមិនច្បាស់លាស់នៅតំបន់មជ្ឈឹមបូព៌ា ដែលកំពុងបន្តជះឥទ្ធិពលជាអវិជ្ជមានទូទាំងពិភពលោក។

សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងវេទិកាសាធារណៈនានាតែងតែបញ្ជាក់ថា ទោះបីជាពិភពលោក ជួបនូវវិបត្តិថាមពល ដែលតម្រូវឱ្យប្រទេសជាច្រើនដំឡើងថ្លៃអគ្គិសនីក្តី ក៏កម្ពុជាមិនដំឡើងថ្លៃអគ្គិសនីដែរ បើទោះរដ្ឋត្រូវខាតបង់ប្រាក់រាប់រយលានដុល្លារក្នុង ១ឆ្នាំក្តី។ ការមិនដំឡើងថ្លៃនេះ គឺជាការគិតគូរអំពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ នៅក្នុងគ្រាដែលសេដ្ឋកិច្ចជួបការលំបាក។

សម្តេចនាយករដ្ឋមន្ត្រីបានសម្រេចបញ្ចុះតម្លៃអគ្គិសនី ជូនដល់ប្រតិបត្តិករទេសចរណ៍ទូទាំងប្រទេស សម្រាប់រយៈពេល ៣ខែក្នុងរដូវភ្ញៀវទេសចរច្រើ​ន (High Season) ផងដែរ។ សម្តេចបានពន្យល់ ចំពោះការបញ្ចុះតម្លៃអគ្គិសនីនេះថា គឺយកមធ្យមភាគនៃការប្រើប្រាស់អគ្គិសនី រយៈពេល៦ខែ (រហូតដល់ខែ១២ ឆ្នាំ២០២៣)។ ឧទាហរណ៍ថារយៈពេល៦ខែ ជា​មធ្យមប្រតិបត្តិករទេសចរណ៍ ប្រើអគ្គិសនីអស់ ៥០០គីឡូវ៉ាត់ម៉ែត្រម៉ោង ប៉ុន្តែនៅពេលខែមានភ្ញៀវទេសចរច្រើន (High Season) បែរប្រើអគ្គិសនីឡើងដល់ ៨០០គីឡូវ៉ាត់ម៉ែត្រក្នុង១ខែ ដូច្នេះ ៣០០គីឡូវ៉ាត់ម៉ែត្រដែលលើសនេះ ត្រូវបានការបញ្ចុះតម្លៃ ១៥ភាគរយ ដើម្បីជួយដល់ប្រតិបត្តិករ ក្នុងវិស័យទេសចរណ៍ទូទាំងប្រទេស។

ជាមួយគ្នានេះ ក្នុងគោលដៅជម្រុញការពង្រីកផលិតកម្មរោងចក្រ និងសហគ្រាស ផ្នែកឧស្សាហកម្ម និងផ្នែកកសិកម្ម ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចឱ្យក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើការបញ្ចុះថ្លៃអគ្គិសនី ចំពោះបរិមាណអគ្គិសនី ដែលអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម ដែលភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលរួមមានអ្នកប្រើប្រាស់អគ្គិសនី តាមអត្រាថ្លៃមធ្យម អ្នកប្រើប្រាស់អគ្គិសនី តាមពេលវេលា និងអានុភាព និងអ្នកប្រើប្រាស់អគ្គិសនី ដែលមានដំឡើងប្រព័ន្ធពន្លឺព្រះអាទិត្យ ដែលភ្ជាប់ជាមួយបណ្តាញជាតិ បានប្រើប្រាស់លើសពីមធ្យមភាគប្រចាំខែ នៃការប្រើប្រាស់ ៦ខែ ចុងក្រោយ ទៅតាមលក្ខខណ្ឌដូចខាងក្រោម៖

* បញ្ចុះអត្រាថ្លៃចំនួន ១០% សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ចន្លោះម៉ោងពី ៧ ព្រឹក ដល់ម៉ោង ៩យប់។

* បញ្ចុះអត្រាថ្លៃចំនួន ២០% សម្រាប់បរិមាណថាមពលដែលប្រើប្រាស់ លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍ ចន្លោះម៉ោងពី ៩យប់ ដល់ម៉ោង៧ ព្រឹក និង២៤ម៉ោង សម្រាប់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិរយៈពេលអនុគ្រោះថ្លៃ ដើម្បីលើកទឹកចិត្តឱ្យបង្កើនការប្រើប្រាស់ខាងលើ មានរយៈពេល ៣ខែ ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣ និងអាចពិនិត្យបន្តតាមរយៈការជូនដំណឹងមុន ៣០ថ្ងៃ តាមលទ្ធភាពជាក់ស្តែងរបស់អគ្គិសនីកម្ពុជា។

* អតិថិជនអ្នកប្រើប្រាស់អគ្គិសនីប្រភេទឧស្សាហកម្ម និងកសិកម្ម ភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ ដែលយល់ថាខ្លួនមានលទ្ធភាពបង្កើនការប្រើប្រាស់ និងមានបំណងទទួលបានការអនុគ្រោះថ្ងៃនេះ ត្រូវធ្វើការដាក់ពាក្យស្នើសុំទៅអ្នកផ្គត់ផ្គង់អគ្គិសនី ក្នុងតំបន់របស់ខ្លួន។

សម្រាប់តម្លៃអគ្គិសនី ដែលកំពុងអនុវត្តន៍ ចំពោះលំនៅឋានចាប់ពីឆ្នាំ២០២០ មកដល់បច្ចុប្បន្នរួមមាន៖
* ប្រើលើសពី ២០០គីឡូវ៉ាត់ម៉ោងក្នុង១ខែ តម្លៃ ៧៣០រៀលក្នុង១គីឡូវ៉ាត់ម៉ោង។
* ប្រើចាប់ពី៥១ ដល់ ២០០គីឡូវ៉ាត់ម៉ោងក្នុង១ខែ តម្លៃ ៦១០រៀលក្នុង១គីឡូវ៉ាត់ម៉ោង។
* ប្រើចាប់ពី ១១ ដល់ ៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ តម្លៃ ៤៨០រៀលក្នុង១គីឡូវ៉ាត់ម៉ោង។
* ប្រើមិនលើសពី ១០គីឡូវ៉ាត់ម៉ោងក្នុង១ខែ តម្លៃ ៣៨០រៀលក្នុង១គីឡូវ៉ាត់ម៉ោង។

ដោយឡែកសម្រាប់អ្នកបូមទឹកធ្វើកសិកម្ម និងអ្នកប្រើប្រាស់គ្រប់ប្រភេទក្នុងវិស័យកសិកម្ម ប្រើពេលយប់ចាប់ពីម៉ោង ៩ យប់ ដល់ម៉ោង ៧ ព្រឹក មានតម្លៃ ៤៨០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង៕