(ភ្នំពេញ)៖ ខ្សែភាពយន្តភាគ បែបកាច់កុង ឌឺដង ក្និកក្នក់ កំប្លែងសើចសប្បាយ និងបានបរិយាយពីជីវិត របស់មនុស្សភេទទី៣ (មនុស្សខ្ទើយ) មានចំណងជើងថា «ព្យុះជីវិតចិត្តអ្នកលេង» បានរៀបចំពីធីក្រុងពាលីថត ជាផ្លូវការហើយ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ នៅឯភូមិគ្រឹះរបស់លោក អ៉ិន សុភិន ស្ថិតក្នុងសង្កាត់សែនសុខ ខណ្ឌសែនសុខ ដោយមានការចូលរួម ពីសំណាក់តារាប្រុសស្រីល្បីៗ និងក្រុមការងាររបស់ផលិតកម្ម មហាហង្ស ជាច្រើននាក់។
អ្នកនាង ភិន សុដាលីស តំណាងឲ្យផលិតកម្មមហាហង្ស មានថ្លែងប្រាប់ឲ្យដឹងថា រឿង «ព្យុះជីវិតចិត្តអ្នកលេង» មានចំនួន៤៥ទៅ៥០ភាគ ហើយនឹងត្រូវដាក់បញ្ចាំង ក្នុងស្ថានីយទូរទស្សន៍បាយ័ន ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ។ រឿងនេះខុសប្លែកត្រង់ថា មានតួសម្ដែងច្រើននាក់ ដោយតួសម្ដែងទាំងនោះ ត្រូវចែកជាពីរក្រុមធំៗ ហើយត្រូវប្ដូរចរឹតពីប្រុសមកស្រី និងពីស្រីទៅជាប្រុស (ជាមនុស្សខ្ទើយ)។ រឿងនេះផ្ដើមឡើងពីក្រុមថតកុន របស់តារាខ្មែរ ដែលបានចេញដំណើរថត នៅខេត្តបាត់ដំបង និងភ្នំពេញ ដោយមានឈុតឆាកកាច់កុងគ្នា ឌឺដង ផ្លែផ្កា ជាច្រើនកើតឡើងក្នុងសាច់រឿង។
អ្នកនាង ភិន សុដាលីស បន្តទៀតថា នៅក្នុងរឿងនេះគ្រាន់តែតួធំ មានចំនួនជិត១០នាក់ទៅហើយ ដែលបានផ្ដោតសំខាន់ ទៅលើការងារថតកុន ដោយតួនីមួយៗ សុទ្ធតែមានអត្តចរឹតខុសពីធម្មជាតិ។ ដោយសារតែតួសម្ដែងមានច្រើន ដូច្នេះការចំណាយក៏មានទំហំច្រើនដែរ ប៉ុន្តែមិនច្បាស់ថា អស់ប៉ុន្មានឲ្យប្រាកដនោះទេ ព្រោះត្រូវប្រែប្រួលបន្ថែមទៀត តាមស្ថានការណ៍ជាក់ស្ដែង។
ដោយឡែកលោក ឡុង សុភាព ជាអ្នកដឹកនាំសម្ដែង បានថ្លែងឲ្យដឹងថា ឆ្លងតាមរយៈបទពិសោធន៍ ដឹកនាំសម្ដែងជាច្រើនឆ្នាំរបស់លោក នាពេលកន្លងមក លោកមើលឃើញថា ខ្សែភាពយន្តខ្មែរមានច្រើនបែប ច្រើនសណ្ឋានណាស់។ ជាស្ដែងដូចជារឿង «ព្យុះជីវិតចិត្តអ្នកលេង» នេះ លោកគិតថា ប្រសិនបើតួសម្ដែង មានការខុសឆ្គង សម្ដែងមិនស័ក្តិសម លោកអាចបង្ហាត់បង្រៀនបាន ព្រោះលោកមានទេពកោសល្យ ក្នុងវិស័យភាពយន្តនេះ តាំងពីឆ្នាំ១៩៨៤មកម្ល៉េះ ជាពិសេសគឺការប្ដូរចរឹតតួ ខុសពីចរឹតដើម ដែលធ្វើឲ្យតួខ្លះអាចសម្ដែងមិនបានល្អ។
លោកបន្តថា ទោះបីជាមានបទពិសោធន៍ច្រើនឆ្នាំក្ដី ប៉ុន្តែការដឹកនាំសម្ដែង នៅតែមានការលំបាក សម្រាប់រូបលោក ជាពិសេសការគោរពពេលវេលា ដូច្នេះលោកសូមឲ្យតារាសម្ដែងទាំងអស់ ត្រូវតែគោរពពេលវេលា ឲ្យបានខ្ជាប់ខ្ជួន ព្រោះវាសំខាន់ណាស់ សម្រាប់យើងជាតារាសម្ដែងល្បីម្នាក់។ ម្យ៉ាងទៀតការផលិតភាពយន្ត ត្រូវគិតពីគុណភាពជាចំបង ទោះបីមិនអាចប្រកួតប្រជែង ជាមួយភាពយន្តរបស់ប្រទេសជិតខាងបាន ក៏យើងមានការប្រកួតប្រជែង ជាមួយភាពយន្តក្នុងស្រុកដែរ។ ប៉ុន្តែសម្រាប់ផលិតកម្ម មហាហង្ស គឺផលិតភាពយន្តឡើង គឺមានគោលដៅ ប្រកួតប្រជែងជាមួយភាពយន្ត ក្រៅស្រុក។
សូមបញ្ជាក់ថា ភាពយន្តភាគរឿង «ព្យុះជីវិតចិត្តអ្នកលេង» ជាស្នាដៃនិពន្ធរបស់លោក អ៉ិន សុភិន ដឹកនាំសម្ដែងដោយលោក ឡុង សុភាព និងថតដោយលោក ខុង វិបុល។ ក្នុងនោះមានការចូលរួមសម្ដែងដោយ កញ្ញា ម៉ុន ផលចរិយា ហៅ រីយ៉ា ជាតួឯកស្រី, លោក ហេង នរៈកក្កដា ជាតួឯកប្រុស ព្រមទាំងតារាសម្ដែងជាច្រើនទៀត រួមមាន លោក ចន អេឡិច ដាហ្វី, កញ្ញា លឹម មួយហ្គិច, លោក យឹម សម្បត្តិ, កញ្ញ ម៉ៅ គឹមធីតា, លោក លឹម រដ្ឋា, កញ្ញា ញឹម ចាន់ថន, កញ្ញា សឿន ផាន់ផាភួង, លោក ភឹម តារាវិបុល, លោក ជា សំណាង, លោក ហេង ស៊ីមន, អ្នកនាង និន សុធារ៉ា, កញ្ញា ណា សាឌី , លោក ថម មី និងតារាកិត្តិយសជាច្រើនរូបទៀត៕