(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបន្តចុះសំណេះសំណាលសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅចែកជូនដល់ជនងាយរងគ្រោះបំផុតចំនួន ៣៤៨គ្រួសារ មកពី៦ឃុំ រួមមាន៖ ឃុំគងជ័យ អំពិលតាពក ឃុំមៀន ឃុំដំរិល និងឃុំទួលសុភី ក្នុងស្រុកអូររាំងឪ។

ពិធីប្រគល់អំណោយនេះបានធ្វើឡើងនៅក្នុងបរិវេណសាលាអនុវិទ្យាល័យ ចំការស្បូវ ក្នុងភូមិថ្មីកណ្ដាល ឃុំព្រះធាតុ។

នាឱកាសនោះដែរ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្ដាំផ្ញើការសួរសុខទុក្ខ ដោយក្តីបារម្ភនឹករលឹក អាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅ និងបាននាំយកអំណោយមួយចំនួន ដើម្បីជួយសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋ។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចបវរធិបតិ ហ៊ុន ម៉ាណែត តែងតែខិតខំលះបង់កម្លាំងកាយចិត្ត និងបន្តនាំយកសន្តិភាព ថែរក្សាសន្តិភាព និងបន្តអភិវឌ្ឍន៍រីកចម្រើនជាបន្តទៀត។

បន្ថែមពីនេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ចំពោះគ្រោះអគ្គិភ័យ និងគ្រោះធម្មជាតិដែលតែងកើតមានឡើងជាយថាហេតុ និងត្រូវចេះអប់រំកូនចៅ ឱ្យចៀសឆ្ងាយឧបាយមុខផ្សេងៗ ហើយត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផងដែរ។

បើតាមលោក វ៉ង វ៉ាន់នី នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានឱ្យដឹងថា អំណោយមនុស្សធម៌ ដែលសាខាកាកបាក្រហមខេត្ត នាំយកមកផ្តល់ជូនដល់ជនងាយរងគ្រោះចំនួន៣៤៨គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ និងថវិកាចំនួន២០,០០០រៀល៕