(ហ្វីលីពីន)៖ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពន្ធដារ បានចាត់លោកបណ្ឌិត ម៉ុង ឡាមី ប្រធានការិយាល័យគោលនយោបាយសារពើពន្ធ នៃនាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ នៃអគ្គនាយកដ្ឋានពន្ធដារ ចូលរួមសន្និសីទពន្ធដារកម្រិតខ្ពស់ ថ្នាក់តំបន់។ នេះបើយោងតាមការចុះផ្សាយនៅគេហទំព័រ និងបណ្តាញសង្គមរបស់អគ្គនាយកដ្ឋានពន្ធដារ​។

សន្និសីទនេះរៀបចំលើកដំបូងជាលក្ខណៈរូបវន្តដោយ ADB ដោយមានការចូលរួមពីលោក សុត គីមសុន ប្រធានការិយាល័យគោលនយោបាយហិរញ្ញវត្ថុសាធារណៈ នៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ជុំ សាមឺឌី ប្រធានការិយាល័យពន្ធចំណេញមូលធនទី១ និងលោក តាំង ហៀងប៊ុង អនុប្រធានការិយាល័យពន្ធចំណេញមូលធនទី២ នៃនាយកដា្ឋនពន្ធចលនទ្រព្យ និងអចលនទ្រព្យ នៃ អពដ ដែលបានប្រព្រឹត្តទៅនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

សន្និសីទនេះ ក៏មានការចូលរួមពីមន្រ្តីជាន់ខ្ពស់ផ្នែកគោលនយោបាយសារពើពន្ធ និងជំនាញការមកពីរដ្ឋបាលសារពើពន្ធ និងក្រសួងហិរញ្ញវត្ថុ ចំនួន១៤៩រូប នៃ ៤២ប្រទេស ព្រមទាំងបណ្តាអង្គការ-ស្ថាប័នអន្តរជាតិ ជាច្រើនដូចជាអង្គការសម្រាប់កិច្ចសហប្រតិប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD), មូលនីធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (WB), និងគ្រឹះស្ថានឧត្តមសិក្សាជាដើម។

សូមបញ្ជាក់ថា ADB បានដាក់ឲ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលពន្ធអាស៊ីប៉ាស៊ីហ្វិក (the Asia Pacific Tax Hub - APTH) នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ ក្នុងឆ្នាំ២០២១ ដែល APTH នេះគឺជាវេទិកាបើកចំហ និងប្រកបដោយបរិយាបន្ន សម្រាប់កិច្ចសន្ទនាគោលនយោបាយជាយុទ្ធសាស្ត្រ ការចែករំលែកចំណេះដឹង និងការសម្របសម្រួលកម្មវិធីអភិវឌ្ឍន៍ក្នុងចំណោមប្រទេសសមាជិក ADB និងដៃគូអភិវឌ្ឍន៍។

លេខាធិការដ្ឋាន APTH បានរៀបចំសន្និសីទពន្ធថ្នាក់តំបន់កម្រិតខ្ពស់លើកដំបូង ដោយបានផ្តោតលើសារៈសំខាន់នៃការកៀរគរធនធានក្នុងស្រុក ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងតួនាទីស្នូលរបស់ APTH នៅក្នុងរបៀបវារៈពន្ធនៅអាស៊ីប៉ាស៊ីហ្វិក។

ព្រឹត្តិការណ៍នេះ បានប្រារព្ធក្នុងខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ ដោយបានប្រមូលផ្តុំមន្ត្រីគោលនយោបាយសារពើពន្ធ និងទីភ្នាក់ងាររដ្ឋបាលនៃប្រទេសសមាជិក ADB, តំណាងជាន់ខ្ពស់នៃដៃគូអភិវឌ្ឍន៍ (IMF, OECD, និង WB) បុគ្គលិករបស់ ADB និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលបានចូលរួមចែករំលែកបទពិសោធន៍របស់ពួកគេ និងបានបំផុសគំនិតក្នុងកិច្ចប្រជុំរួម និងប្រជុំតាមក្រុម/ផ្នែក។

ជាលទ្ធផល សន្និសីទនេះបានផ្តល់នូវពុទ្ធិ ចំណេះដឹង និងបទពិសោធន៍ ដូចជា៖

* សារៈសំខាន់នៃចំណូលពន្ធលើអចលនទ្រព្យដែលជាប្រភពចំណូលពន្ធមានលក្ខណៈនិរន្តរភាពសម្រាប់ជាគុណប្រយោជន៍ដល់ថវិកាថ្នាក់ក្រោមជាតិ និងការអភិវឌ្ឍនមូលដ្ឋាន ដែលមិនគួរមើលរំលង
* ការពង្រឹងអនុលោមភាព និងការបន្ថយចំណាយរដ្ឋបាល តាមរយៈការកែទម្រង់រដ្ឋបាលសារពើពន្ធ និងឌីជីថលូបនីយកម្មក្នុងមុខងារសេវអ្នកជាប់ពន្ធ
* ការសិក្សានៃគោលនយោបាយសារពើពន្ធ ក្នុងការកែលម្អស្ថានភាពទីផ្សារការងារនិងប្រាក់ចំណូលរបស់ស្ត្រី ដើម្បីបន្ថយគន្លាតយេនឌ័រ
* ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយក្នុងមុខងារសេវាកម្មពន្ធដារ និងមុខងាររដ្ឋបាលសារពើពន្ធដារ ដូចជាការទំនាក់ទំនងរវាងរដ្ឋបាលសារពើពន្ធ និងអ្នកជាប់ពន្ធដារ ការស្វែងរកព័ត៌មានសម្រាប់សវនកម្មពន្ធដារ។ល។
* យុទ្ធសាស្ត្រនៃការកាត់បន្ថយការគេចពន្ធចំពោះការមិនចេញវិកយបត្រពន្ធ ឬមិនបង់អាករលើតម្លៃបន្ថែមមករដ្ឋបាលសារពើពន្ធ តាយរយៈការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ការចាប់ឆ្នោតផ្សងសំណាង តាមរយៈវិកយបត្រ និងការតម្រូវឱ្យមានការចេញវិក័យបត្រដោយប្រព័ន្ធអេឡិចត្រូនិក
* សារៈសំខាន់នៃការសិក្សានិងគ្រប់គ្រងហានីភ័យអនុលោមភាពអ្នកជាប់ពន្ធ ជាដើម ៕