(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបន្តអំពាវនាវដល់បណ្តាប្រទេសមួយចំនួនដូចជា បារាំង ចិន ថៃ ម៉ាឡេស៊ី និងជប៉ុនជាដើម មកសិក្សាវិនិយោគបូមប្រេងនៅប្លុក A ក្នុងដែនសមុទ្រកម្ពុជា បន្ទាប់ពីក្រុមហ៊ុនរបស់សិង្ហបុរី KrisEnergy បានក្ស័យធន និងបញ្ឈប់ការបូមប្រងនៅប្លុកនោះ។
លោក កែវ រតនៈ អំពាវនាវបែបនេះ ធ្វើឡើងក្នុងវេទិកាពិភាក្សាសារព័ត៌មាន លើប្រធានបទ «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅសណ្ឋាសុខាភ្នំពេញ។
លោកបានលើកឡើងថា បន្ទាប់ពីលោកបានជួបជាមួយបណ្តាទូតនានា ដូចជាបារាំង ចិន ថៃ ម៉ាឡេស៊ី និងជប៉ុនជាដើម លោកតែងតែអំពាវនាវឱ្យក្រុមហ៊ុនវិនិយោគធំលើវិស័យរ៉ែ ដែលចង់មកវិនិយោគលើការបូមប្រេងនៅប្លុក A ក្នុងដែនសមុទ្រកម្ពុជា សូមធ្វើការសិក្សាពីប្លុកប្រេងនេះ ដោយរដ្ឋាភិបាលមានការចំហរ ចំពោះបំណងនៃសិក្សាវិនិយោគបូមប្រេងនេះ។ តែយ៉ាងណាលោកបញ្ជាក់ថា នៅក្នុងប្លុក A សក្តានុពលនៃការទាញយកប្រេងអាចនឹងមានទំហំតូច។
ជាមួយគ្នានេះលោកបានឱ្យដឹងផងដែរថា ក្រោយការបែងផល ពីការលក់ប្រេងឆៅជិត ៣០ម៉ឺនប៉ារ៉ែលដែលបូមចេញពីសមុទ្រកម្ពុជានៅប្លុក A ហើយត្រូវបានកប៉ាល់ដឹកប្រេងឈ្មោះ MT Strovolos លួចដឹកទៅនោះ កម្ពុជាទទួលបានចំណូលជិត ២០លានដុល្លារអាមេរិក។
លោកបានឱ្យដឹងថា ប្រេងឆៅសរុបជិត ៣០ម៉ឺនបារ៉ែល ដែលបូមពីអណ្តូងប្រេងរបស់កម្ពុជាលក់ បានជាង ២៥លានដុល្លារ ក្នុងនោះកម្ពុជាទទួលបានចំណែកជាងពាក់កណ្តាល ក្រោយដោះស្រាយគ្នារួច។
លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីលក់ទៅបាន ២៥លានដុល្លារ ក្រោយពីដោះស្រាយសងថ្លៃកប៉ាល់គាត់ ដែលក្រុមហ៊ុន KrisEnergy ជំពាក់គាត់ យើងបានជាង១៤លានដុល្លារ ហើយបូកនឹងការបង់អីទៀត យើងទទួលបានសរុបទៅជិត ២០លានដុល្លារ»។
សូមជម្រាបថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាបានចាប់ផ្តើមទទួលដំណក់ប្រេងលើកដំបូងរបស់ខ្លួន ស្ថិតនៅតំបន់ប្លុក A ក្នុងដែនសមុទ្រកម្ពុជា ដែលក្រុមហ៊ុន Kris Energy របស់សិង្ហបុរី បានខួងប្រេងចេញពីបាតសមុទ្រ ក្នុងខេត្តព្រះសីហនុ។ អ្វីដែលគួរឲ្យសោកស្តាយនោះ បរិមាណប្រេងកាត ដែលបូមចេញពីអណ្តូងទាំង៥ នៃតំបន់អប្សរា ក្នុងប្លុក A មានបរិមាណតិចខុសពីការរំពឹងទុក ខណៈក្រុមហ៊ុន KrisEnergy បានប្រកាសក្ស័យធន ព្រោះតែមិនអាចស្រោចស្រង់ នូវបញ្ហាបំណុលរបស់ខ្លួនបាន៕