(កោះកុង)៖ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចាត់តាំងលោក សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្ដារសម្បទា ដឹកនាំប្រតិភូ ក្រសួងចុះទស្សនកិច្ច និងប្រគល់វិញ្ញាបនបត្រ កម្រិតមាស ជូនដល់រោងចក្រ យ៉ាហ្សាគី (ខេមបូឌា) ប្រដាក់ ដែលបានបំពេញកាតព្វកិច្ចល្អ ក្នុងការជ្រើសរើសជនពិការចូលបម្រើការងារ។

កម្មវិធីទស្សនកិច្ច និងប្រគល់វិញ្ញាបនបត្រកម្រិតមាសនេះ ធ្វើឡើងដោយមានការចូលរួមពី លោក ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជានាយកមូលនិធិជនពិការ លោកស្រី ឈី វ៉ា ភិបាលរងខេត្តកោះកុង លោក សាន់ រតនា ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ចខេត្ត លោក ម៉ែន ស្រ៊ីថាវរ័ត្ន ប្រធានរដ្ឋបាលសិទ្ធជនពិការ ដែលមានអាសយដ្ឋាន ភូមិនាងកុក ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោក សន សុផល ប្រធានប្រតិភូ បានណែនាំ និងស្នើសុំដល់រោងចក្របន្តជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារបន្ថែមទៀត និងយកចិត្តទុកដាក់ គ្រប់មធ្យោបាយ ហើយជួយជំរុញដល់បុគ្គលិកដែលមានពិការភាពទៅធ្វើអត្តសញ្ញាណកម្ម នៅរដ្ឋបាលឃុំសង្កាត់ ដើម្បីទទួលបាន បណ្ណសម្គាល់ជនមានពិការភាព។

យោងតាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ក៏ដូចជាអនុក្រឹត្យលេខ១០៨ ស្តីការកំណត់អត្រាបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ បានកំណត់អោយក្រសួងស្ថាប័នរដ្ឋ ដែលមន្ត្រីរាជការបម្រើការងារចាប់ពី ៥០នាក់ឡើងទៅ ត្រូវមានមន្ត្រីជាការជាជនមានពិការ បម្រើការងារ ១នាក់ដែលស្នើនឹង អត្រា២% សម្រាប់វិស័យឯកជន ដែលមានបុគ្គលិកកម្មករ និយោជិត ចាប់ពី១០០នាក់ឡើងទៅ ត្រូវមានបុគ្គលិក កម្មករនិយោជិត ជាជនមានពិការភាព ១នាក់ ឬស្មើរនឹង ១%។

សូមបញ្ជាក់ដែរថា ក្រុមហ៊ុនយ៉ាហ្សាគី ជាក្រុមហ៊ុន ដែលបានអនុវត្តកាតព្វកិច្ចគោរពច្បាប់បានល្អ ដោយមានមានជនមានពិការភាព បម្រើការងារក្នុងអត្រាខ្ពស់ លើស១% ដែលលើសពីកាតព្វកិច្ចកំណត់ដោយច្បាប់។ គិតចាប់ពីឆ្នាំ២០១៩ដល់២០២៣ ក្រុមហ៊ុននេះបាទទួលបានវិញ្ញាបនបត្រកម្រិតមាស ៥ឆ្នាំជាប់គ្នា លើការអនុវត្តកាតព្វកិច្ចខាងលើ៕