(ស្ទឹងត្រែង)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា អញ្ជើញជាអធិប តីក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវភូមិគំរូមួយ ដែលមានសមិទ្ធផលផ្សេងៗ រួមមាន សាលារៀន មណ្ឌលសុខភាព សូរ៉ាវ អណ្ដូងទឹកស្អាត និង ផ្ទះឈើផ្ទាល់ដី ៥០ខ្នង តម្លៃសរុប៤៣០,០០០ដុល្លារអាមេរិក ជូនប្រជាពលរដ្ឋខ្វះខាត ស្ថិតនៅភូមិអូរឬស្សីកណ្ដាល ឃុំអូរឬស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលជាអំណោយសប្បុរសជន ប្រទេសប៉ារ៉ែន តាមរយៈអង្គការបេសកកម្មសប្បុរសធម៌ សហការជាមួយសមាគមក្ដីសង្ឃឹម នៃពិភពលោក ប្រទេសទួរគី។

ក្នុងឱកាស នៃការសម្ពោធសមិទ្ធផលផ្សេងៗនេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់សប្បុរសជន ប្រទេសប៉ារ៉ែន ដែលបានសហការជាមួយសមាគមក្ដីសង្ឃឹម នៃពិភពលោក ប្រទេសទួរគី ក្នុងការខិតខំប្រឹងប្រែងរហូតទទួលបានសមិទ្ធផលជាច្រើនសម្ពោធនាថ្ងៃនេះ ដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលមានជីវភាពខ្វះខាត ក៏ដូចជារួមចំណែកអភិវឌ្ឍសង្គមជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោកបន្ថែមថា សមិទ្ធផលនានាៗដែលសម្ពោធនៅថ្ងៃនេះ នឹងបម្រើប្រយោជន៍ និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋនៅទីនេះ។ ជាពិសេសទៀតនោះ សាលារៀនមិនមែនបម្រើតែផលប្រយោជន៍សាសនានោះទេ គឺបម្រើទាំងសង្គមជាតិ ព្រោះសិស្សានុសិស្ស នឹងរៀនទាំងអក្សរសាស្ត្រជាតិ និងច្បាប់វិស័យឥស្លាម ហើយលោកបណ្ឌិត បានជំរុញឲ្យអាណាព្យាបាលត្រូវខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់បន្ថែម ក្នុងបញ្ជូនកូនៗមកសាលារៀនទាំងផ្នែកសាសនា ទាំងចំណេះដឹងទូទៅ ឲ្យបានច្រើនបន្ថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ នាពេលអនាគត។

ជាមួយគ្នានេះ លោកបន្ថែមថា កន្លងមករដ្ឋាភិបាលតែងតែបើកទូលាយក្នុងការទទួលយកគ្រប់ជំនួយមនុស្សធម៌ទាំងអស់ ពីបណ្តាប្រទេសនានា នៅលើសាកលលោក មិនថាប្រទេសឥស្លាម និងប្រទេសមិនមែនឥស្លាម ក្នុងការយកមកជួយបំពេញតម្រូវការ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក៏ដូចជាចូលរួមអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន។

លោក អូស្មាន ហាស្សាន់ ក៏បានរំលឹកថា ដោយសារកម្ពុជាមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងបន្តមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺនៅតែរក្សានូវគោលនយោបាយ សុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា ដែលនាំឲ្យមានសេរីភាព សុខសន្តិភាព សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ដែលជាហេតុធ្វើកម្ពុជាមានការរីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

ជាពិសេស សហគមន៍ឥស្លាមក៏ទទួលបាននូវការយកចិត្តទុកដាក់ និងការផ្តល់ជូនឲ្យមានតំណាងសហគមន៍ ក្លាយជាថ្នាក់ដឹកនាំក្នុងស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីការទូតជាន់ខ្ពស់ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីរាជការនានា។ ក្នុងឆ្នាំ២០១៥ រាជរដ្ឋាភិបាល ក៏បានបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាម ក្នុងក្របខណ្ឌរដ្ឋ ចំនួន១,៥០០នាក់ផងដែរ។

សូមជម្រាបថា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ភូមិគំរូខាងលើ ក៏មានការចែកអំណោយជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលបានចូលរួមមាន កញ្ចប់អាហារ១៥០កញ្ចប់ សម្ភារសិក្សាសម្រាប់សិស្សានុសិស្ស ចំនួន២០០នាក់ ចៀមចិញ្ចឹមយកកូន សម្រាប់១០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន១០ក្បាល និងម៉ូតូ ចំនួន២គ្រឿង ដែលអំណោយខាងចំណាយថវិកាសរុប១០,៧៩០ដុល្លារ៕