(កំពង់ចាម)៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី៥ អាណត្តិទី៣ មានប្រជាពលរដ្ឋ បានលើកឡើងជាសំណើ សំណូមពរ និងកង្វល់ចំនួន៦ករណី។ ក្នុងនោះ អាជ្ញាធរក្រុមប្រឹក្សាខេត្ត បានឆ្លើយតបភ្លាមៗ បានចំនួន៣ករណី នៅសេសសល់ ២ករណី និងផ្ទេរកម្មសិទ្ធិ ១ករណី ត្រូវបានយកទៅពិភាក្សា ដើម្បីដោះស្រាយទៅតាមប្រភេទរដ្ឋបាលនីមួយៗ។

វេទិកានេះបានធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ០២៣ នៅវត្តល្វាទេ ស្ថិតក្នុងភូមិកោះគោ ឃុំមានជ័យ ស្រុកស្រីសន្ធរ ក្រុមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម។

លោក ហេង វណ្ណនី បានដឹកនាំការឆ្លើយតបចំពោះសំណើ សំណូមពរ និងកង្វល់ ដែលប្រជាពលរដ្ឋបានលើកឡើងរួមមាន បញ្ហាបាក់ច្រាំទន្លេ បញ្ហាលំបាកក្នុងការកែតម្រូវសំបុត្រកំណើត ស្នើសុំបើកផ្លូវ ៣ម៉ែត្រ ស្នើសុំផ្លូវ ៣ខ្សែចុះទៅស្រែចម្ការ និងស្នើសុំប្រព័ន្ធធារាសាស្ត្រទូទាំងឃុំមានជ័យ។

ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងថា ថ្មីៗនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងបន្តការអនុវត្ត អភិក្រម ឆ្លុះបញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ យុទ្ធសាស្ត្រ-ដំណាក់កាលទី១ កំណត់យកនូវអាទិភាព គន្លឹះចំនួន៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

លោក ខ្លូត ផន បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នាពេលនេះ ពិតជាបានផ្ដល់ឱកាសដល់ប្រជាពលរដ្ឋទទួលបាននូវព័ត៌មាន និងបានស្តាប់នូវ របាយការណ៍បូកសរុបលទ្ធផលការងារដែលក្រុមប្រឹក្សា និងគណៈអភិបាលខេត្តសម្រេចបាន ក្នុងឆ្នាំកន្លងទៅ ហើយក៏ជាឱកាសមួយសម្រាប់ប្រជាពលរដ្ឋលើកឡើងនូវសំណួរ និងសំណូមពរ ដើម្បីក្រុមប្រឹក្សាធ្វើការពិភាក្សា និងឆ្លើយតប។

ក្នុងវេទិកានេះផងដែរ ក៏បានពិភាក្សា ពិគ្រោះយោបល់ជាមួយអ្នកចូលរួមទាំងអស់ បានរកឃើញនូវបញ្ហាអាទិភាពសំខាន់ៗសម្រាប់រដ្ឋបាលខេត្តយកទៅពិនិត្យ ពិចារណាក្នុងការឆ្លើយតប ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ជាពិសេស ពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលក្នុងកិច្ចអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានរបស់គាត់ឱ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិផងដែរ៕