(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានឱ្យដឹងថា រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំធ្វើពិធីដាល់អំបុក និងអកអំបុក នៅឯបរិវេណសួនសម្ដេចក្រឡាហោម វិមានឯករាជ្យ ដើម្បីអបអរសាទរក្នុងឱកាសពិធីព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។

ការឱ្យដឹងបែបនេះរបស់លោកអភិបាលខេត្តបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសលោកដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុកទាំង១៤ ប្រធាន អនុប្រធានមន្ទីរអង្គភាព ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងឱកាសនោះដែរ លោក ធូ ភា អភិបាលរងខេត្តបាត់ដំបង បានរាយការណ៍អំពីលទ្ធផលការងារដែលបានសម្រេចកន្លងទៅជូនដល់ថ្នាក់ដឹកនាំ និងអង្គប្រជុំទាំងមូលផងដែរ។

អភិបាលខេត្តបាត់ដំបង បានណែនាំដល់រដ្ឋបាលក្រុង ស្រុក អាជ្ញាធរ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវខិតខំបន្តនិរន្ដរភាពការងារនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដោយមិនត្រូវដកដៃថយក្រោយឡើយ ពោលគឺត្រូវខិតខំយ៉ាងណាឱ្យបាននូវលទ្ធផលការងារកាន់តែមានការរីកចម្រើនជាលំដាប់។

លោកបានបន្តថា បញ្ហាគ្រឿងញៀននូវតែបញ្ហាចម្បងដែលត្រូវបន្តយកចិត្តទុកដាក់ ដូចនេះត្រូវខិតខំស្រាវជ្រាវបង្រ្កាបឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុននូវអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀនដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយជាពិសេសត្រូវពិនិត្យមើលកងកម្លាំងរបស់ខ្លួន ព្រោះកងកម្លាំងគឺជាគំរូមុនគេ ប្រសិនបើរកឃើញថាមានពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវចាត់វិធានការទៅតាមច្បាប់វិន័យរបស់កងកម្លាំង។

លោក សុខ លូ បានបន្ថែមថា ក៏បានណែនាំដល់មន្រ្ដីរាជការ ប្រជាពលរដ្ឋចូលរួមឱ្យបានច្រើនកុះករ ដើម្បីចូលរួមរក្សាអត្តសញ្ញាណពិធីដាល់អំបុក និងអកអំបុកនេះ ដល់កូនចៅជំនាន់ក្រោយបានស្គាល់អំពីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរផងដែរ៕