(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ២កន្លែងផ្សេងគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ដឹងថា ចំពោះករណីអគ្គិភ័យចំនួន ២ទីតាំងខាងលើនេះ រួមមានដូចខាងក្រោម៖

*ករណីអគ្គិភ័យទី១៖ នៅម៉ោង ៤និង១០នាទីល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ៧E2 ផ្លូវព្រះនរោត្តម ភូមិ២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ បានបណ្តាលឲ្យឆាបឆេះផ្ទះល្វែងជាន់ទី២ ចំនួន ០១ល្វែង ជាប្រភេទ ថ្មបេតុង ទំហំ ៤ម៉ែត្រ គុណ ១០ម៉ែត្រ រួមទាំងសម្ភារៈអស់ទាំងស្រុង។

ករណីអគ្គិភ័យនេះ ត្រូវបានរលត់ទៅវិញ នៅវេលាម៉ោង ៥និង០០នាទីល្ងាចនាថ្ងៃដដែល ដោយក្នុងនោះប្រើប្រាស់រថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន ០៨គ្រឿង ប្រើប្រាស់ទឹកអស់ ០៨ឡាន ស្មើរនឹង ៣២ម៉ែត្រគូប។

*ករណីអគ្គិភ័យទី២៖ នៅម៉ោង ៨និង៥០នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួល ផ្លូវទន្លេមេគង្គ ក្រុម០១ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បានបណ្តាលឲ្យឆាបឆេះផ្ទះចំនួន ១ខ្នង អស់ទាំងស្រុង ប្រភេទ ឈេីលេីថ្មក្រោម ទំហំ ៨ម៉ែត្រ គុណ ១០ម៉ែត្រ, សម្ភារៈគ្រឿងអគ្គីសនីសម្រាប់លក់ដូរខូចខាតអស់ចំនួន ៩៥%, ម៉ូតូចំនួន ១គ្រឿង។

ករណីអគ្គិភ័យនេះ ត្រូវបានរលត់ទៅវិញ នៅវេលាម៉ោង ៩និង៥០នាទីព្រឹកនាថ្ងៃដដែល ដោយក្នុងនោះប្រើប្រាស់រថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន ០៧គ្រឿង ប្រើប្រាស់ទឹកអស់ ០៧ឡាន ស្មើរនឹង ២៨ម៉ែត្រគូប និងរថយន្តជំនួយមកពីទីក្រុងជ្រោយចង្វារ ចំនួន ០៧គ្រឿង ប្រើប្រាស់ទឹកអស់ ០៧ឡាន ស្មើរនឹង ២៨ម៉ែត្រគូប។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺកម្លាំងសមត្ថកិច្ចជំនាញយេីងបានធ្វេីការស្រាវជ្រាវបញ្ជាក់ថា គឺបណ្តាលមកពីមូលហេតុឆ្លងចរន្តអគ្គីសនី ដោយនៅក្នុងនោះ មិនមានអ្នកណាម្នាក់រងរបួស និងប៉ះពាល់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋនោះឡើយ។

ជាចុងក្រោយ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការសំណូមពរដល់បងប្អូនប្រជាពរលដ្ឋទាំងអស់គ្នា មេត្តាប្រុងប្រយ័ត្នឲ្យខ្ពស់បំផុត។ ដោយសារតែមួយរយៈនេះ អាកាសធាតុមានការធ្លាក់ខ្យល់ខ្លាំង ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ មុននឹងធ្វើដំណើរចាកចេញពីលំដ្ឋានទៅកាន់តំបន់កំសាន្ត និងទៅកន្លែងធ្វើការក្តី ត្រូវធ្វើការបិទនៅប្រព័ន្ធភ្លើងឲ្យបានត្រឹមត្រូវមុននឹងធ្វើការចាកចេញពីលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងករណីមានគ្រោះអគ្គិភ័យកើតឡើង សូមបងប្អូនប្រជាពលរដ្ឋរាយការណ៍មកកាន់លេខ ៦៦៦ ដើម្បីឲ្យកម្លាំងសមត្ថកិច្ចជំនាញរបស់យើងចេញជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលាផងដែរ៕