(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជួបសវនាការ និងពិភាក្សាការងារស្តីពីវគ្គហ្វឹកហ្វឺនទ្វេភាគី រួមទាំងគម្រោងត្រីភាគីជាមួយ លោក Ishihara Masano អនុព័ន្ធយោធាជប៉ុន ប្រចាំកម្ពុជា។

មុនអញ្ជើញជួបសវនាការ និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ សែម សុវណ្ណនី, លោក Ishihara Masano បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គហ្វឹកហ្វឺនវិស្វកម្មប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ (Grander) ដែលជាគម្រោងទ្វេភាគីកម្ពុជា-ជប៉ុន សម្រាប់ប្រតិបត្តិការក្សាសន្តិភាព នៅវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពឧដុង្គ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Ishihara Masano បានបង្ហាញការរីករាយជាខ្លាំង ដែលមានវត្តមានក្នុងពិធីបើកវគ្គហ្វឹកហ្វឺននេះ និងបានលើកឡើងថា នេះជាខួប១០ឆ្នាំ នៃការផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងជាខួបទី៧០ នៃទំនាក់ទំនងកម្ពុជា-ជប៉ុន។ ដើម្បីជាអនុស្សាវរីរវាងប្រទេសទាំងពីរ លោកជ្រើសយកការបណ្តុះបណ្តាលធ្វើផ្លូវថ្នល់ដល់សិក្ខាកាមកម្ពុជា (ប្រវែង៧០០ម៉ែត្រ)។

លោក Ishihara Masano បានឱ្យដឹងថា ជាការពិតណាស់ បច្ចុប្បន្ន សិក្ខាកាមកម្ពុជា ១៧រូប កំពុងទទួលការបណ្តុះបណ្តាលលើវគ្គហ្វឹកហ្វឺនវិស្វកម្មប្រើប្រាស់គ្រឿងចក្រធុនធ្ងន់(Grander) ដែលជាគម្រោងទ្វេភាគីកម្ពុជា-ជប៉ុន សម្រាប់ប្រតិបត្តិការក្សាសន្តិភាព។ វគ្គហ្វឹកហ្វឺននេះជាការបណ្តុះបណ្តាលដោយយោធាចារ្យជប៉ុន ៦រូប ដែលជាវិស្វកកងស្វ័យការពារជប៉ុន។

លោក Ishihara Masano សង្ឃឹមថា វគ្គហ្វឹកហ្វឺននេះនឹងទទួលបានជោគជ័យ ដ្បិតក្រសួងការពារជាតិជប៉ុន និងកម្ពុជា បានឯកភាពបន្តវគ្គហ្វឹកហ្វឺននេះ ៤ឆ្នាំទៅមុខទៀត។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា ជប៉ុន គឺជាប្រទេស ដែលបានផ្តល់វគ្គហ្វឺកហ្វឺនក្នុងប្រតិបត្តិការរក្សាសន្តិភាពដំបូងគេបង្អស់ដល់កម្ពុជា។

នាយឧត្តមសេនីយ៍បានថ្លែងអំណរគុណដល់ភាគីជប៉ុន ដែលតែងផ្តល់វគ្គហ្វឹកហ្វឺនដល់កម្ពុជា ជាពិសេសតាមរយៈគំនិតផ្តួចផ្តើមរបស់លោក Shinzo ABE អតីតនាយករដ្ឋមន្រ្តីជប៉ុន បាននាំឱ្យគម្រោងត្រីភាគីនាពេលនេះ ដែលកម្ពុជា ជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៤-២០២៥។

ទន្ទឹមនោះ នាយឧត្តមសេនីយ៍ ក៏បានសំណូមពរដល់ភាគីជប៉ុនបន្តផ្តល់វគ្គហ្វឹកហ្វឺន និងបង្កើនរយៈពេលឱ្យបានយូរជាងនេះ។ នាយឧត្តមសេនីយ៍ សង្ឃឹមថា កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរនឹងកាន់តែល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ រួមទាំងមានការផ្លាស់ប្តូរទស្សនកិច្ចរវាងប្រទេសទាំងពីរផងដែរ៕