(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទាត់ នៃក្លឹបមន្ទីរ អ.យ.ក ខេត្តកំពង់ចាម មុនពេលចេញទៅប្រកួតផ្ដាច់ ព្រ័ត្រយកជ័យលាភីលេខ១ និងលេខ២ ដណ្ដើមពានរង្វាន់សម្ដេចតេជោ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។

ក្នុងឱកាសសំណេះសំណាលនោះអភិបាលខេត្តកំពង់ចាម បានអបអរសាទរនូវជ័យលាភី ដែលកីឡាករយើងបានខិតខំប្រឹងប្រែងកន្លងមកនេះ។ លោកសូមសម្ដែងនូវការកោតសរសើរ នូវការខិតខំប្រឹងប្រែងរបស់ក្រុមកីឡាករ កីឡាការិនីទាំងអស់ រួមទាំងគ្រូបង្វឹក អ្នកគ្រប់គ្រងក្រុម ក៏ដូចជាក្រុមគ្រូពេទ្យ ដែលបានចុះជាប់ជាប្រចាំ ធ្វើឲ្យក្រុមកីឡាកររបស់យើងមានឆន្ទៈមោះមុត និងឈានដល់ដណ្ដើមបានជ័យជំនះជាបន្តបន្ទាប់ ដែលនៅសល់តែមួយប្រកួតទៀតប៉ុណ្ណោះជាមួយក្រុមកីឡាករបាល់ទាត់ខេត្តត្បូងឃ្មុំ ដើម្បីដណ្ដើមយកជ័យលាភីលេខ១ និងលេខ២។

លោកអភិបាលខេត្ត ក៏បានប្រាំផ្ញើដល់ក្រុមកីឡាករទាំងអស់ សូមឱ្យមានការខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាព ក្នុងការសហការសាមគ្គីគ្នាទាំងបច្ចេកទេស និងការគ្រប់គ្រងបាល់ ដើម្បីដណ្ដើមយកជ័យលាភីលេខ១ នាំមកនូវភាពជោគជ័យ និងកិត្តិយស ជូនដល់ខេត្តកំពង់ចាមរបស់យើង។

ក្នុងឱកាសនោះដែរ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម, លោក លី ម៉េងសាន បានលើកឡើងថា កន្លងមក លោកអភិបាលខេត្ត តែងតែបានឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តដល់ក្រុមកីឡាករយើងជាប្រចាំ។ ដូច្នេះក្រុមកីឡាករទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដណ្ដើមជ័យលាភី នាំមកនូវកិត្តិយសជូនខេត្តកំពង់ចាមរបស់យើង។

ក្នុងនាមជាអ្នកដឹកនាំក្រុមកីឡាករ ទៅប្រកួតនេះ លោក លី ម៉េងសាន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអភិបាលខេត្ត ដែលតែងតែជួយផ្ដល់នូវអនុសាសន៍ និងឧបត្ថម្ភគាំទ្រដល់ក្រុមកីឡាករ របស់យើងច្រៀងរហូតមក៕