(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា បន្ទាប់ពីចូលរួមកម្មវិធីជួបសំណេះសំណាល និងចែកអំណោយជូនអតីតយុទ្ធជនកម្ពុជា ដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះក្នុងខេត្តកំពង់ធំ រួចនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន បានបន្តចុះចែកអំណោយតាមរយៈកម្មវិធីស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជាជូនអតីតយុទ្ធជនកម្ពុជា ដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះដោយសារទឹកជំនន់ ចំនួន១០០គ្រួសារ ស្ថិតនៅទីតាំងដីសម្បទានសង្គមកិច្ច ក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកនូវប្រសាសន៍សាកសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់គ្រួសារអតីតយុទ្ធជន។

លោកទេសរដ្ឋមន្ត្រី ក៏បានបានលើកបង្ហាញពីការយកចិត្តទុកដាក់លើសុខទុក្ខអតីតយុទ្ធជន ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងសម្តេចធិបតី ផងដែរ។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ដើម្បីដោះស្រាយការលំបាករបស់អតីតយុទ្ធជន រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ចសម្រាប់សង់លំនៅឋាន និងបង្កបង្កើនផល និងមានផ្តល់នូវថវិកាឧបត្ថម្ភផ្សេងៗទៀត ពេលក្រុមគ្រួសារអតីតយុទ្ធជនជួបការលំបាក។

ជាក់ស្តែងពេលនេះ លោកទេសរដ្ឋមន្រ្តី គន់ គីម បាននាំយកអំណោយ កម្មវិធីស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយក្នុង ១គ្រួសារទទួលបាន ១កញ្ចប់ស្បៀង (អង្ករ ២៥គក្រ មី ១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ១យួរ និងទឹកបរិសុទ្ធ ១កេស) រួមនឹង១កញ្ចប់គ្រាប់ពូជបន្លែ(ឃីដ) របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់អតីតយុទ្ធជនយើងផងដែរ។

ទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងស្ញប់ស្ញែង និងកោតសរសើរខ្ពស់ចំពោះភាពឧស្សាហ៍ព្យាយាមរបស់អតីតយុទ្ធជន ដែលបានប្រឹងប្រែងដាំដុះដំណាំ និង ចិញ្ចឹមសត្វផង ដើម្បីជួយទ្រទ្រង់ដល់ជីវភាពរស់នៅ មាន ភាពប្រសើរមួយកម្រិតនេះ។

ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើអាជ្ញាធរមូលដ្ឋាន ជាពិសេស មេឃុំ និងប៉ូលីសប៉ុស្តិ៍ ត្រូវយកចិត្តទុកដាក់ជាពិសេសដល់អតីតយុទ្ធជន ដោយឧស្សាហ៍ចុះជួបផ្ទាល់ និងអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ពេលបងប្អូនមានធុរ:៕