(ភ្នំពេញ)៖ ថ្លែងនាឱកាសបន្តចុះជួបកម្មករ មកពីតាមបណ្តារោងចក្រ សហគ្រាសនានា ដែលមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងណែនាំដល់បណ្តាភោជនីយដ្ឋាន និងកន្លែងកម្សាន្តផ្សេងៗ កុំបើកធុងបាស់សំលេងលឺខ្លាំងៗ ហើយនៅបន្តដល់យប់ជ្រៅពេក ដែលបង្ករការរំខានដល់អ្នករស់នៅជិតខាង ជៀងវាងត្រូវអាជ្ញាធរចុះដកអាជ្ញាប័ណ្ណចោល។

គួរបញ្ជាក់ថា ជំនួបលើកទី១០នេះ ធ្វើឡើងជាមួយកម្មករ និយោជិតមកពីតាមបណ្តារោងចក្រ សហគ្រាសនានា ដែលមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ។ លោកបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មករ និយោជិត ដែលចូលរួមក្នុងពិធីសំណេះសំណាលនេះ មានចំនួន ១៨,១០៨នាក់ មានស្ត្រីមានផ្ទៃពោះចំនួន ៥៣០នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ ក្នុងខណ្ឌកំបូល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ល្ងាចមិញបានឲ្យអាជ្ញាធរខណ្ឌទួលគោកទៅមើល កន្លែងមួយបងប្អូនគាត់បើកតន្ត្រី (ភោជនីយដ្ឋាន ដឹឆ្នេរ នៅខណ្ឌទួលគោក បឹងកក់១) ដល់យប់ជ្រៅពេកគាត់នៅតែលឺសំលេងខ្លាំងៗ ហើយអ្នកជិតខាងអត់បានសម្រាក ចឹងបានសួរទៅថាបានឲ្យសន្យា២ដងហើយតែមិនព្រម ខ្ញុំថាឥលូវចេះការបត់បែនភាពទន់ភ្លន់ តែត្រូវមានភាពម៉ឺងម៉ាត់ ឥឡូវល្ងាចមិញទៅដកធុងបាស់និងឱ្យសន្យា ហើយប្រសិនជានៅមិនស្ដាប់ទៀតអាចផ្អាកអាជីវកម្ម ហើយបើអត់ទៀតដកអាជ្ញាប័ណ្ណតែម្តង»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀ់តថា ឥលូវនេះយើងរស់ទាំងអស់គ្នា យើងមានអាជីវកម្មស្រួលហើយ ប៉ុន្តែត្រឹមម៉ោង១០ ចែកគេសម្រាកផង បន្ថយសំលេងខ្លះទៅ កុំបើកលឺៗខ្លាំងពេក ហើយបើថ្ងៃបើកព្រឹត្តិការសំខាន់យូរៗម្តង គេមិនថាអីនោះទេ យើងអាចរៀបចំពីល្ងាចបានសប្បាយទាំងអស់គ្នា តែពេលយប់ឡើងអាណិតគេផងគេត្រូវការសម្រាក ព្រោះពេលខ្លះគាត់ចាស់ៗ គាត់មានជំងឺ មានអ្នកកូនខ្ចី គាត់ត្រូវការសម្រាក ហើយអាជ្ញាធរត្រូវចូលរួមមើលផង កន្លែងក្លឹបសប្បាន្តពេលរាត្រីនេះច្រើនតែមានអ្នកកាចៗ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកដែរថា ប៉ុន្មានថ្ងៃមុននេះមានករណីចាញ់បោះនៅគិរីរម្យ ផ្អើលដល់ប្រជាពលរដ្ឋ ពេលរកឃើញបានបណ្តេញចេញពីក្របខណ្ឌតែម្តង ហើយឃើញសំបូរសុទ្ធតែអ្នកកាចផឹកបាញ់បោះតែម្តង។ សម្តេចបានបញ្ជាក់ដែរថា ក្នុងកំឡុងពេលធ្វើសង្គ្រាមនៅខេត្តព្រះវិហារ សម្តេចគឺរកតែអ្នកពូកែបាញ់ដូចនេះ, អ្នកពូកែបាញ់ផ្ទុះអាវុធក្នុងក្រុង គួរតែឱ្យចុះកុងត្រាតែម្តង បើមានផ្ទុះអាវុធការពារទឹកដី សូមស្ម័គ្រចិត្តទៅមុនគេតែម្តងទៅ៕