(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យអាជ្ញាធរ និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់នេះ។

ក្នុងឱកាសអញ្ជើញបន្តចុះជួបកម្មករ និយោជិតគម្រប់លើកទី១០ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នឹងឈានចូលមកដល់រយៈពេល ៥ថ្ងៃទៀត ដោយក្នុងនោះនឹងមានការរៀបចំការប្រគុំតន្រ្ដី ហើយអាចនឹងមានបងប្អូនមកពីបណ្តាខេត្តច្រើន នាំគ្នាឡើងមករាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។

សម្តេចបានថ្លែងទៀតថា ជាមួយគ្នានេះនឹងការដែលបងប្អូនប្រជាពលដ្ឋ ពីបណ្តាខេត្តឡើងមកលេងនៅរាជធានីភ្នំពេញ ក៏នឹងអាចមានបងប្អូននៅភ្នំពេញ នឹងអញ្ជើញទៅកម្សាន្តតាមបណ្ដាខេត្តផងដែរ ដូច្នេះអាជ្ញាធរមានសមត្ថកិច្ចត្រូវតែធានាឱ្យបាន នូវសន្តិសុខសណ្តាប់ធ្នាប់ ឱ្យបានល្អជូនពួកគាត់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «បុណ្យអុំទូក អាចមានបងប្អូនអញ្ជើញមកពីខេត្តច្រើន ហើយអ្នកពីភ្នំពេញទៅខេត្ត ពីខេត្តមកភ្នំពេញ។ តែទោះជាយ៉ាងណា ធ្វើម៉េចការងារសន្តិសុខ ធានានូវសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ»

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមដើរលេងកម្សាន្តសប្បាយទាំងអស់គ្នា ខណៈនៅឆ្នាំនេះ មាន​ទូកងប្រមាណ​ជាង៣០០ទូកបានចូលរួមប្រកួតប្រជែង និងមានប្រទីបរបស់បណ្តាក្រសួងស្ថាប័ននានា ប្រមាណ៣០ប្រទីប មានវត្តមាននៅក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ។

សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ បានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ​គឺចាប់ពីថ្ងៃទី២៦-២៧-និង២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង បន្ទាប់ពិធីបុណ្យប្រពៃណីជាតិមួយនេះ ត្រូវបានខកខានក្នុងការប្រារព្ធប៉ុន្មានឆ្នាំកន្លងមកនេះ ដោយសារបញ្ហាការរីករាលដាលជំងឺកូវីដ១៩, កម្ពុជាធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ានកាលពីឆ្នាំមុន និងបញ្ហាមួយទៀត៕ ​