(ភ្នំពេញ)៖ កម្ពុជាត្រូវបានសហរដ្ឋអាមេរិក កោតសរសើរ និងលើកតម្កើនដំឡើងឋានៈមួយកម្រិតទៀត ក្នុងកិច្ចខិតខំចូលរួមសហប្រតិបត្តិការទប់ស្កាត់ អំពើរត់ពន្ធ​មនុស្សខុសច្បាប់។ នេះបើតាមការបញ្ជាក់របស់លោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ នាទីស្ដីការគណៈរដ្ឋមន្រ្តី។

លោក ថៃ វណ្ណា ទីប្រឹក្សាលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានឱ្យដឹងក្រោយជំនួបថា ក្នុងកិច្ចជំនួបពិភាក្សានេះ លោក William A. Heidt បានជម្រាបជូនភាគីកម្ពុជា ពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលពេលកន្លងមក កម្ពុជាបានខិតខំទប់ស្កាត់អំពើរត់ពន្ធមនុស្សខុសច្បាប់ ហើយបានសម្រេចជោគជ័យជាច្រើន គួរឱ្យកត់សម្គាល់។

លោកថា «ពេលនេះ កម្ពុជាត្រូវបានដំឡើងឋានៈខ្ពស់មួយកម្រិត ក្នុងកិច្ចខិតខំទប់ស្កាត់អំពើរត់ពន្ធមនុស្សខុសច្បាប់ កម្ពុជាត្រូវបានឡើងឋានៈមួយកម្រិតទៀត»

លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងអំណរគុណចំពោះភាគីសហរដ្ឋអាមេរិក ដែលបានដំឡើងឋានៈជូនកម្ពុជា ក្នុងខិតខំទប់ស្កាត់នេះ។ លោកឧបនាយករដ្ឋមន្រ្តីបានបន្តថា កម្ពុជាធ្លាប់បានសហការ និងកំពុងសហការជាមួយរដ្ឋាភិបាលចិន ថៃ ម៉ាឡេស៊ី ដើម្បីទប់ស្កាត់អំពើរត់ពន្ធមនុស្សខុសច្បាប់នេះ ជាក់ស្ដែងក្នុងកំឡុងពេលដែល លោកធ្វើជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកបានបើកកិច្ចសហការជាមួយរដ្ឋាភិបាលប្រទេសខាងលើ ហើយបានអន្តរាគមន៍ជួយពលករខ្មែររងគ្រោះ បានជាច្រើននាក់ ទាំងនៅដីគោក និងលើទូកនេសាទ ដោយបញ្ជូនពួកគាត់ឱ្យត្រឡប់មកមាតុភូមិវិញ៕