(ភ្នំពេញ)៖ លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ចើញជាអធិបតីក្នុងសន្និសីទសហគ្រិនភាពកម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដែលមានភាពធន់ និងប្រកបដោយបរិយាបន្ន» ដែលរៀបចំដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា។

លោករដ្ឋលេខាធិការ សូ វិសុទ្ធី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលបញ្ចកោណទី៥ គឺការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។ រាជរដ្ឋាភិបាលបានចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាកតាលីករថ្មីដ៏មានសារៈសំខាន់ ដែលមានសក្ដានុពលភាព និងកាលានុវត្តភាពក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម ក៏ដូចជាប្រសិទ្ធភាពរដ្ឋបាល។

លោករដ្ឋលេខាធិការ បានបញ្ជាក់ពីសារៈសំខាន់ណាស់នៃកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋ និងវិស័យឯកជន ជាពិសេសសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលប្រមូលផ្ដុំធុរជនឆ្នើមៗ ធ្វើការយ៉ាងសកម្មក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គមកាន់តែរីកចម្រើន និងឱកាសការងារជូនដល់ប្រជាពលរដ្ឋបន្ថែមទៀត។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការបានបន្ថែមថា ប្រព័ន្ធឌីជីថលបាននាំមកនូវអត្ថប្រយោជន៍សំខាន់ៗជាច្រើន សម្រាប់ធុរកិច្ច ជាពិសេស សហគ្រាសធុនមីក្រូ តូច និងមធ្យម MSMEs ហើយក្រសួងនឹងបន្តគាំទ្រដល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជម្រុញឱ្យសមាជិកទាំងអស់ ធ្វើបរិវត្តកម្មឌីជីថល ដើម្បីជួយពង្រឹងសេវាកម្មរបស់ខ្លួន ឱ្យមានការរីកចម្រើន ដោយការប្រើប្រព័ន្ធបច្ចេកវិទ្យា បង្កើនប្រសិទ្ធភាពសកម្មភាពអាជីវកម្ម ផ្តល់បទពិសោធន៍ដល់អតិថិជនកាន់តែប្រសើរ កាត់បន្ថយការចំណាយ ពេលវេលា មានភាពធន់ និងឧត្តមភាពប្រកួតប្រជែង ឈានទៅដល់ការពង្រីកទីផ្សារនិងសមាហរណកម្មទៅក្នុងតំបន់ និងពិភពលោក។

លោករដ្ឋលេខាធិការ បានចូលរួមអបអរសាទរ ទិវាសប្ដាហ៍សហគ្រិនភាពសកល-កម្ពុជា ឆ្នាំ២០២៣ ដែលប្រារព្វឡើងជាង១៨០ប្រទេសនៅ លើពិភពលោក និងបានវាយតម្លៃខ្ពស់ចំពោះសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងការកសាង និងគាំទ្រសហគ្រាស MSMEs នៅក្នុងប្រទេសកម្ពុជា ហើយវត្តមានរបស់សមាគម គឺពិតជាសំខាន់ក្នុងការជួយចងក្រង និងគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម រួមទាំងធុរកិច្ចបង្កើតថ្មី ដែលការចូលរួមចំណែកធ្វើឲ្យធុរកិច្ចរបស់ពួកគេមានការរីកចម្រើន និងអាចប្រកួតប្រជែងទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិផងដែរ៕