(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបង្ហាញមហិច្ឆតានៃការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាជួយឱ្យប្រជាពលរដ្ឋមានជីវភាព កាន់តែល្អប្រសើរ ឈានទៅក្លាយប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

សម្តេចបានថ្លែងទៀតថា រាជរដ្ឋាភិបាលបានដាក់គោលដៅកាន់តែខ្ពស់ ក្នុងការធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសចំណូលខ្ពស់ គឺដើម្បីជំរុញការខិតខំប្រឹងប្រែងសម្រេចឱ្យបាន ធ្វើឱ្យយ៉ាងណានាំយកផលប្រយោជន៍ ជូនប្រជាជនកម្ពុជា។

សម្តេចបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងយុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ចេញនេះ គឺមានគោលដៅអាទិភាព ដើម្បីលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋតាមរយៈការបង្កើតការងារ និងជួយដល់ពលរដ្ឋដែលជួបការលំបាក កាត់បន្ថយភាពក្រីក្រ។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញជួបកម្មករ និយោជិត គម្រប់លើកទី១០ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

សម្តេចមហាបវរធិបតីបានថ្លែងយ៉ាងដូច្នេះថា «ក្នុងអាណត្តិទី៧នេះ យើងដាក់គោលដៅធំ៥ ទី១ គឺកំណើនសេដ្ឋកិច្ច ទី២ គឺការងារ ទី៣គឺសមធម៌ ទី៤ ប្រសិទ្ធភាព និងទី៥ ចីរភាព។ ទី១ កំណើនសេដ្ឋកិច្ច ត្រូវជំរុញធ្វើម៉េចឱ្យមូលដ្ឋានសេដ្ឋកិច្ច យើងកាន់តែកើនឡើង តាមគ្រប់វិស័យទាំងអស់ ដែលពឹងផ្អែកលើមូលដ្ឋានបង្កើតការងារជាធំ, ចំណែកទី៣ សមធម៌ គឺចែកផលទាំងអស់ ទៅឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នកដែលលំបាកជាងគេ ក្រីក្រ ដើម្បីលើកជីវភាពគាត់ឱ្យកើន កាត់បន្ថយភាពក្រីក្រ។ នេះជាគោលដៅអាទិភាព ដែលរាជរដ្ឋាភិបាល ត្រូវធ្វើក្នុងរយៈពេល៥ឆ្នាំនេះ និងធ្វើបន្តទៅទៀត សម្រាប់យុទ្ធសាស្ត្របញ្ចកោល ដំណាក់កាលទី១ និងបញ្ចកោលដំណាក់បន្តទៀត ៥មុំ ៥ឆ្នាំ ៥ដង សរុប២៥ឆ្នាំ ដើម្បីរុញប្រទេសយើងឱ្យទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០»

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា «ប្រទេសដែលមានចំណូលខ្ពស់ គេមិនមែនគិតថារដ្ឋមានលុយប៉ុន្មានទេ គេគិតថាប្រជាជនម្នាក់ៗ ជាមធ្យមមានប្រាក់ចំណូលប៉ុន្មាន នេះហើយជាគោលដៅរបស់រាជរដ្ឋាភិបាល។ យើងដើរមកដល់នេះ ប្រទេសយើងជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប ចំណូលមធ្យមរបស់ប្រជាជនបានកើនហើយ យើងសប្បាយរីករាយណាស់ តាំងពីប្រទេសបែកបាក់បាតដៃទទេ រហូតមកដល់ម៉ោងនេះ តែមិនទាន់ចប់ទេ មហិច្ឆតារបស់យើង គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយើងកាន់តែមានបាន នេះហើយពាក្យថាអភិវឌ្ឍន៍ គឺធ្វើយ៉ាងណាឱ្យបានផលលាភ ទៅដល់ដៃកូនចៅប្រជាពលរដ្ឋ»

សូមជម្រាបថា បើតាមផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចក្ខុវិស័យ ក្នុងការប្រែក្លាយកម្ពុជា ឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។

ធនាគារពិភពលោក (World Bank) បានកំណត់ការបែងចែកចំណាត់ថ្នាក់កម្រិតចំណូលប្រទេស ផ្អែកលើចំណូលជាតិដុល (GNI) ដោយ៖ ប្រជាជនមានចំណូលចន្លោះពី ១ ០២៦ដុល្លារ ដល់ ៤ ០៣៥ដុល្លារក្នុង១ឆ្នាំ ស្ថិតក្នុងប្រទេសមានចំណូលមធ្យមកម្រិតទាប ដែលកម្ពុជាយើងកំពុងស្ថិតក្នុងចំណាត់ថ្នាក់នេះ, ចំណូលពី ៤ ០៣៦ដុល្លារ ដល់ ១២ ៤៧៥ដុល្លារ ត្រូវចាត់ទុកជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងចំណូលចាប់ពី ១២ ៤៧៦ដុល្លារឡើងទៅ ជាប្រទេសដែលមានចំណូលខ្ពស់៕