(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានរៀបចំព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេសលើកទី២៖ ការសិក្សាដោយការបង្កើតគម្រោង «បំណងប្រាថ្នា» ដែលជាការប្រកួតស្នាដៃបង្កើតគម្រោងតាមរយៈការផលិតជាវត្ថុគំរូ (Prototype) សម្រាប់សិស្សាមកពីគ្រប់គ្រឹះស្ថាន ដែលមកដល់ពេលនេះបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដែលជាវគ្គដែលសិស្សឆ្នើមត្រូវធ្វើបទបង្ហាញ (Presentation) ជាសាធារណៈ នៅអាគារ CKCC នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ព្រឹត្តិការណ៍ «បំណងប្រាថ្នា» គឺការចូលរួមក្នុងការលើកកម្ពស់ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEM) និងប្រមូលផ្តុំសិស្សដែលមានសក្តានុពលក្នុងការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ដោយផ្សាភ្ជាប់ជាមួយបរិបទនៃការអប់រំ ឌីជីថល។ ការបង្កើតគម្រោងក្នុងព្រឹត្តិការណ៍ «បំណងប្រាថ្នា» គឺផ្តោតលើវត្ថុគំរូវិទ្យាសាស្ត្រដែលអាចកែសម្រួល ឬដោះស្រាយនូវបញ្ហានានាដែលកំពុងជួបប្រទះក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

បើតាមការបញ្ជាក់របស់កញ្ញា ហួរ សុគន្ធកញ្ញា ក្រុមការងារមជ្ឈមណ្ឌលអប់រំឌីជីថល និងការសិក្សាពីចំងាយ បានឱ្យដឹងដែរថា ប្រកួតសិស្សឆ្នើមទូទាំងប្រទេសលើកទី២៖ ការសិក្សាដោយការបង្កើតគម្រោង «បំណងប្រាថ្នា» តម្រូវឱ្យសិស្សានុសិស្សត្រូវធ្វើការដោះស្រាយនូវបញ្ហានានាដែលកើតមាននៅក្នុងសង្គម ដែលទាមទារឱ្យសិស្សានុសិស្សត្រូវចេះកំណត់បញ្ហាណាមួយ និងត្រូវចេះស្វែងរកដំណោះស្រាយណាមួយ ដែលផ្អែកទៅលើមុខវិជ្ជាស្ទែម ដើម្បីឲ្យធ្វើការដោះស្រាយលើបញ្ហា និងបង្កើតលើវត្ថុគម្រូរបស់គាត់ ដើម្បីឲ្យឆ្លើយតបទៅនឹងបញ្ហាតែដែលចង់ដោះស្រាយហ្នឹង។

កញ្ញា ហួរ សុគន្ធកញ្ញា បានបញ្ជាក់ទៀតថា នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាវគ្គត្រូវធ្វើបទបង្ហាញជាសាធារណៈនេះ មានសិស្សានុសិស្ស ៨០ក្រុម បានចូលរួមប្រកួត ហើយក៏មានការចូលរួមពីគណៈកម្មការ ដើម្បីធ្វើការវាយតម្លៃពីគម្រោងរបស់សិស្សានុសិស្ស ទៅលើចំណុចសំខាន់ៗដូចជា៖ គម្រោងនេះមានគោលបំណងចង់ធ្វើអ្វី ហើយអាចជួយអ្វីខ្លះដល់សង្គមនាពេលបច្ចុប្បន្ន ហើយវត្ថុគម្រូអ្វីដែលគ្រោងនិងផលិត ហើយមានភាពជះឥទ្ធិពលយ៉ាងណាខ្លះដល់សង្គម និងមានប្រសិទ្ធភាពយ៉ាងណាខ្លះ។ សម្រាប់វគ្គផ្តាច់ព្រ័ត្រ និងជម្រុះយកតែបេក្ខជនប្រមាណ ៥០ក្រុមប៉ុណ្ណោះដើម្បីប្រកួត។

គួបញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេស៖ ការសិក្សាដោយការបង្កើតវត្ថុគម្រូ «បំណងប្រាថ្នា» រៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ដោយផ្តោតលើការបណ្តុះសមត្ថភាពផ្នែកស្រាវជ្រាវនិងការបង្កើតគម្រោង ដោយសិស្សនៅកម្រិតមធ្យមសិក្សា មកពីសាលារដ្ឋនិងឯកជន ដោយឆ្លងកាត់ដំណាក់កាលដូចខាងក្រោម៖

១៖ ដំណាក់កាលទី១៖ ការចុះឈ្មោះ ការបង្ហាញវិស័យទាក់ទងនឹងការស្រាវជ្រាវ (Interest Areas) និងការបង្ហាញប្រធានបទ ចាប់ផ្តើមនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ (បេក្ខជនចូលរួមសរុប១ ៧២៣នាក់ ដែលភាគច្រើនមកពីសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យព្រែកលៀប សាលារៀនសុវណ្ណភូមិ សាលាប៊ែលធីអន្តរជាតិ និងសាលាអន្តរជាតិ ស៊ីអាយអេហ្វឺសត៍)

២៖ ដំណាក់កាលទី២៖ ការស្វែងរកដៃគូ ការបង្កើតក្រុម និងការ Submit ឯកសារទស្សនាទានបញ្ចប់នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ (បានទទួលឯកសារទស្សនាទានពី១៦១ ក្រុម)

៣៖ ដំណាក់កាលទី៣៖ ការកែលម្អលើឯកសារទស្សនាទាន និងការផ្តល់យោបល់ពី Mentor (ការចូលរួមរបស់សិស្សបានជម្រុះមកនៅត្រឹម៦២ក្រុម)

៤៖ ដំណាក់កាលទី៤៖ ការតាំងបង្ហាញផ្ទាំងផ្សព្វផ្សាយ (Posters) និងការធ្វើបទបង្ហាញ (Presentation) ជាសាធារណៈរបស់ក្រុមសិស្សានុសិស្ស ដែលនៅសល់៦២ក្រុមចុងក្រោយ៕