(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាត្រូវទប់ស្កាត់រាល់អាជីវកម្មណាដែលមិនល្អកុំឱ្យវារីក និងត្រូវរួមគ្នាពង្រីកអាជីវកម្មល្អៗ និងសិប្បកម្មល្អៗ ឱ្យបានច្រើនដើម្បីបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។

ការជំរុញបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេច បន្តចុះជួបកម្មករ និយោជិតគម្រប់លើកទី១០ មកពីតាមបណ្តារោងចក្រ សហគ្រាសនានា ដែលមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ។

នាឱកាសនោះដេរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សម្តេចបានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថាមានម្ចាស់អាជីវកម្មមួយកន្លែងបើកបាសលឺៗរហូតដល់យប់ជ្រៅ ភ្លាមៗសម្តេចបានឱ្យអាជ្ញាធរខណ្ឌទួលគោក ចុះទៅមើលកន្លែងទីតាំងចាក់តន្ត្រី ខណៈដែលទីតាំងខាងលើនេះបានធ្វើកិច្ចសន្យា២ដងមកហើយ។ ករណីនេះប្រសិនមិនស្តាប់ទៀតអាចផ្អាក់អាជីវកម្ម ឬឈានទៅដកអាជ្ញាបណ្ណតែម្តង ព្រោះអីឡូវរស់ទាំងអស់គ្នា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា បច្ចុប្បន្ន អ្នកប្រព្រឹត្តបទល្មើសកាត់តែទំនើប ប៉ុន្តែ ទោះជាយ៉ាងណាសមត្ថកិច្ចជំនាញបានខិតខំបង្ក្រាបជាបន្តបន្ទាប់ដោយមិនលើកលែងនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាទប់ស្កាត់បទល្មើស ជាពិសេសប្រជាពលរដ្ឋខ្លួនឯងតែម្តង គឺធ្វើយ៉ាងណាកុំលេងល្បែងស៉ីសងខុសច្បាប់ ដែលសង្គមស្អប់ខ្ពើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា «យើងរួមគ្នា ឃើញអនុវត្តបានច្រើនការចុះបង្ក្រាបវាយលុកទៅលើក្លិបដែលប្រើប្រាស់គ្រឿងញៀន យើងបន្តធ្វើតទៅទៀត ការអនុវត្តគោលនយោបាយផ្សេងៗដើម្បីស្ថិរភាព សន្តិភាព សុវត្ថិភាពបងប្អូនយើងធ្វើបានល្អច្រើនហើយតែ​មិនទាន់ឈប់ទេ ត្រូវបន្តទៅទៀត […] និយាយរួមត្រូវទប់ស្កាត់អាជីវកម្មដែលមិនត្រូវច្បាប់កុំឱ្យរីក តែត្រូវធ្វើយ៉ាងម៉េចពង្រីកអាជីវកម្មល្អៗ ពង្រីកសិប្បកម្មល្អៗ ពង្រីកការងារល្អៗ ដើម្បីសេដ្ឋកិច្ច ដើម្បីជីវភាពរស់នៅរបស់យើង»។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំអាជ្ញាធរឱ្យបង្កើនការត្រួតពិនិត្យ ឬចុះល្បាតនៅតាមទីតាំងកម្សាន្តសប្បាយនានា ដើម្បីទប់ស្កាត់ការបង្កភាពអនាធិបតេយ្យណាមួយជាយថាហេតុពីសំណាក់បុគ្គលមួយចំនួនដែលស្រវឹងស្រា ជាពិសេសត្រូវធ្វើយ៉ាងឱ្យប្រជាពលរដ្ឋដែលរស់នៅកន្លែងទាំងនោះមានភាពកក់ក្តៅ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា នៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយវិធានការដើម្បីបំពេញកុងត្រាដើម្បីប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋជឿចុះគណបក្សប្រជាជនមិនដែលក្បត់កុងត្រាខ្លួនឯងនោះទេ រាជរដ្ឋាភិបាលនឹងខិតខំជំរុញនូវអ្វីដែលបានសន្យាជាមួយប្រជាជន ដើម្បីថែរក្សាសមិទ្ធផលដែលមាន និងពង្រីកសមិទ្ធផលថ្មីបន្ថែមទៀត ការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។

គួរជម្រាបថា នៅដើមអាណត្តិទី៧នេះ សមត្ថកិច្ចបានឆ្មក់ និងចុះបង្ក្រាបនៅតាមទីតាំងក្លិបកម្សាន្តជាច្រើនក្នុងរាជធានីភ្នំពេញ ព្រមទាំងតាមបណ្តាលខេត្តផ្សេងៗទៀត ដែលបើកដោយខុសច្បាប់ ជាពិសេសការលួចបង្កប់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ព្រមទាំងឃាត់ខ្លួនមនុស្សជាច្រើនផងដែរ៕