(ភ្នំពេញ)៖ ស្របពេលដែលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខិតជិតចូលមកដល់នៅសប្តាហ៍ក្រោយនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមដើរលេងកម្សាន្តសប្បាយទាំងអស់គ្នា ខណៈនៅឆ្នាំនេះ មានទូកងប្រមាណជាង៣០០ទូកបានចូលរួមប្រកួតប្រជែង និងមានប្រទីបរបស់បណ្តាក្រសួងស្ថាប័ននានា ប្រមាណ៣០ប្រទីប មានវត្តមាននៅក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះ ធ្វើឡើងក្នុងឱកាសសម្តេចបន្តចុះជួបកម្មករ និយោជិត គម្រប់លើកទី១០ បំពេញកិច្ចសន្យារបស់សម្តេចតេជោ ហ៊ុន សែន។ ជំនួបលើកទី១០នេះ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ធ្វើឡើងជាមួយកម្មករ និយោជិតមកពីតាមបណ្តារោងចក្រ សហគ្រាសនានា ដែលមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ ជាង១ម៉ឺន៨ពាន់នាក់។
សម្តេចបានឱ្យដឹងផងដែរថា ក្នុងចំណោមទូកង ប្រមាណជាង៣០០ទូកដែលបានមកចូលរួមប្រកួតប្រជែង ក្នុងនោះសម្តេចធិបតីបានឧបត្ថម្ភទូកងចំនួន២០ទូក និងសម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភចំនួន២០ទូក។
សម្តេចធិបតី បានលើកឡើងបន្តថា «៥ថ្ងៃទៀតយើងបុណ្យអុំទូក ក៏សូមអបអរសាទរទុកជាមុន ឆ្នាំនេះយើងមាន៣០០ទូកជាង។ ខ្ញុំឧបត្ថម្ភ២០ទូក ហើយសម្តេចតេជោក៏ឧបត្ថម្ភ២០ទូកដែរ។ ម្សិលមិញឃើញគាត់ថាចាប់ចូលបីគូ ចុងក្រោយដាក់ចូលគ្នា»។
ក្នុងឱកាសនោះដែរ សម្តេចបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមដើរលេង ទស្សនា ការប្រណាំងទូកកម្សាន្តសប្បាយទាំងអស់គ្នា ហើយពិធីនេះមានការបណ្តែតប្រទីបប្រមាណ៣០ នៅតាមដងទន្លេព្រមទាំងមានការរៀបចំនូវការប្រគុំតន្រ្តីនានាទៀតផង។ ហើយជាមួយគ្នានេះ សម្តេចធិបតីថែមទាំងបានជូនពរដល់អ្នក ដែលមិនទាន់មានគូរ បន្ទាប់ពីបុណ្យអុំទូករួច ឱ្យមានគូរដូចគេ។
សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ បានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦-២៧-និង២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង បន្ទាប់ពិធីបុណ្យប្រពៃណីជាតិមួយនេះ ត្រូវបានខកខានក្នុងការប្រារព្ធប៉ុន្មានឆ្នាំកន្លងមកនេះ ដោយសារបញ្ហាការរីករាលដាលជំងឺកូវីដ១៩, កម្ពុជាធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ានកាលពីឆ្នាំមុន និងបញ្ហាមួយទៀត៕
</div