(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការបោះឆ្នោត គឺជាការចុះកុងត្រារវាងប្រជាពលរដ្ឋ និងគណបក្សនយោបាយ ហើយសម្តេចថ្លែងបន្តថា ការសម្រេចរបស់ប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការផ្តល់ការវិនិច្ឆ័យមួយដ៏ច្បាស់លាស់ ដោយគណបក្សប្រជាជនកម្ពុជា មិនរត់ចោលប្រជាពលរដ្ឋ និងមិនមែនជាទន្សាយនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលអញ្ជើញជួបកម្មករនិយោជិត លើកទី១០ មកពីតាមបណ្តារោងចក្រ សហគ្រាសនានា ដែលមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ពេលបោះឆ្នោត សម្តេចឃើញប្រជាជនជាង ៨លាននាក់ ឬជាង ៨៥.៣០% ក្នុងចំណោមប្រជាពលរដ្ឋ ដែលបានចុះឈ្មោះ បានទៅបោះឆ្នោត ទោះបីមានការអំពាវនាវមិនឲ្យទៅបោះឆ្នោត។ ក្នុងនោះអ្នកទៅបោះឆ្នោត ជាង ៩០% ដែលបោះឆ្នោតត្រឹមត្រូវ មិនបំផ្លាញតាមការអំពាវនាវរបស់គេ ព្រោះអ្នកបោះឆ្នោតយល់ថា ការបោះឆ្នោត ជាវិធីតែមួយគត់ ដែលជាការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងងាយស្រួល មិនធ្វើឲ្យប្រទេសក្រឡាប់ចាក់ ដើម្បីរើសមេដឹកនាំ។
សម្តេចធិបតី បានបន្តថា ក្នុងនោះ អ្នកបោះឆ្នោត បានផ្តល់ការទុកចិត្ត ដល់គណបក្សប្រជាជនកម្ពុជា ព្រោះឃើញស្នាដៃរបស់គណបក្សប្រជាជន ជាពិសេសដឹកនាំដោយសម្តេចតេជោ និងគណបក្សរាប់សិបឆ្នាំមកនេះ បានផ្តល់ជូនប្រជាជន។ ទោះមានការអំពាវនាវយ៉ាងណាក៏ដោយ តែប្រជាពលរដ្ឋបានសម្រេចចិត្ត ហើយបញ្ជាក់ប្រាប់ទៅគេវិញថា គេមានសិទ្ធិ និងមានសមត្ថភាពវិនិច្ឆ័យដោយខ្លួនឯង ហើយដល់ថ្ងៃនោះ គេសម្រេចចិត្តខ្លួនឯង ទៅបោះ ឬមិនបោះ ទៅគូសបំផ្លាញ ឬគូសឲ្យបក្សណា ជារឿងគេ ដើម្បីរើសមេដឹកនាំ។
«អញ្ចឹង យើងរួមគ្នាតទៅទៀត ការបោះឆ្នោតដូចជាកុងត្រាអញ្ចឹង ព្រោះមុនបោះឆ្នោត ប្រជាពលរដ្ឋ ឃើញគណបក្សដាក់គោលនយោបាយច្បាស់លាស់ មិនមែនអ្នកស៉ីអារម្មណ៍ អ្នកនៅជាមួយប្រជាពលរដ្ឋ មិនមែនអ្នកជាទន្សាយនោះទេ អ្នកដែលនៅលំបាកជាមួយពលរដ្ឋ ពេលកូវីដកន្លងទៅនេះ។ អញ្ចឹង គឺបានផ្តល់ការទុកចិត្ត គូសដើម្បីឲ្យបក្សប្រជាជនដឹកនាំ។ បងប្អូនទុកចិត្តចុះ គណបក្សប្រជាជន មិនក្បត់កុងត្រាខ្លួនឯង មិនហែកកុងត្រាចាស់ អនុវត្តកុងត្រាថ្មីទេ គឺយើងមានតម្លាភាព យើងខិតខំជំរុញនូវអ្វី ដែលយើងបានដាក់ គឺបម្រើប្រជាជន ឲ្យបានកាន់តែច្រើន»។ នេះបើតាមប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ មានប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណជាង ៨៤.៥៨ភាគរយ បានទៅបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ គណបក្សប្រជាជនកម្ពុជា ទទួលបាន ១២០អាសនៈ និងគណបក្សហ៊្វុនស៉ិនប៉ិច ទទួលបាន ៥អាសនៈ៕